ដំណើរទស្សនកិច្ច​នៅវៀតណាមរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលី ជម្រុញការពង្រីកទំនាក់ទំនងទ្វេភាគី

(VOVWORLD) - ការិយាល័យនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Anthony Albanese កាលពីថ្ងៃទី ៥ ខែមិថុនា បានចេញសេចក្តីប្រកាសថា លោកនាយករដ្ឋមន្រ្តី Anthony Albanese បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅវៀតណាម ដែលជាដៃគូយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងមិត្តភក្តិយូរអង្វែងរបស់អូស្ត្រាលី។ 
ដំណើរទស្សនកិច្ច​នៅវៀតណាមរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលី ជម្រុញការពង្រីកទំនាក់ទំនងទ្វេភាគី - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីនៃពិធីបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅវិមានប្រធានរដ្ឋ នាព្រឹកថ្ងៃទី៤ មិថុនា។ រូបថត៖ Trong Phu/VOV

សេចក្តីប្រកាសនេះបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៣ គូសសញ្ញារយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតអូស្ត្រាលី - វៀតណាម។ ទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរកំពុងពង្រីកគួរឱ្យកត់សម្គាល់ ដោយមានការងារជាច្រើនដែលកំពុងដំណើរការ សម្រាប់ដំឡើងទំនាក់ទំនងអូស្ត្រាលី - វៀតណាមក្លាយទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។

យោងតាមលោក Layton Pike សហស្ថាបនិកនៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី - វៀតណាម ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Anthony Albanese ទៅកាន់ប្រទេសវៀតណាមទទួលបានជោគជ័យ ទាំងក្នុងការរំលេខទិដ្ឋភាពសំខាន់ៗនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដូចជា៖ អប់រំ ពាណិជ្ជកម្ម និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាថាមពលស្អាត និងពលកម្មជំនាញវិជ្ជាជីវៈ។ ការដែលប្រទេសទាំងពីរចេញសេចក្ដីជូនដំណឹង ដោយសន្យាដំឡើងទំនាក់ទំនងទ្វេភាគីក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ជាសញ្ញាច្បាស់លាស់ដែលសរឲ្យឃើញថា ទំនាក់ទំនងអូស្ត្រាលី-វៀតណាមកំពុងរីកចម្រើននិងអភិវឌ្ឍន៍ខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Layton Pike សង្ឃឹមថា ទំនាក់ទំនងអូស្ត្រាលី-វៀតណាមនឹងកាន់តែរឹងមាំ ហើយលោកមានបំណងចង់ឃើញនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មកបំពេញទស្សនកិច្ចនៅអូស្ត្រាលីនាចុងឆ្នាំ២០២៣នេះ ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងកំណត់វិស័យសហប្រតិបត្តិការថ្មី។  លោក Layton Pike បានសង្កត់ធ្ងន់ថា ការបង្កើនទំនាក់ទំនងរបស់អូស្ត្រាលីជាមួយវៀតណាម ក៏ជាផ្នែកសំខាន់មួយក្នុងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី Albanese សំដៅកសាងឡើងវិញនូវការតភ្ជាប់របស់អូស្ត្រាលីជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ