ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ជប៉ុនរបស់លោកប្រធានរដ្ឋ ទទួលបានលទ្ធផលសំខាន់ៗ និងគ្រប់ជ្រុងជ្រោយ
(VOVWORLD) - នាយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃរដ្ឋធានីហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់រដ្ឋជប៉ុន។
អញ្ជើញឆ្លើយតបនឹងសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអះអាងថា ដំណើរទស្សនកិច្ចនេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់បំផុត បង្ហាញឱ្យឃើញពីទំនាក់ទំនងអភិវឌ្ឍន៍នៅកម្រិតខ្ពស់រវាងវៀតណាម និងជប៉ុន។
ប្រធានរដ្ឋលោក Vo Van Thuong និងលោកជំទាវភរិយា នៅអាកាសយានដ្ឋានអន្តរជាតិ Fukuoka នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា។ រូបថត៖ Thong Nhat/TTXVN |
ដំណើរទស្សនកិច្ចនេះសម្រេចបានលទ្ធផលសំខាន់ៗ និងគ្រប់ជ្រុងជ្រោយ ដែលចំណុចលេចធ្លោជាងគេគឺភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនទំនាក់ទំនងទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាព" នៅអាស៊ី និងជុំវិញពិភពលោក។ ការលើកកំពស់ទំនាក់ទំនងនេះបានឆ្លុះបញ្ចាំងអំពីកម្រិតខ្ពស់នៃជំនឿទុកចិត្តខាងនយោបាយនៃទំនាក់ទំនងវៀតណាម-ជប៉ុន បើកចេញសម័យកាលថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។
ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាខ្ពស់លើទិសដៅសំខាន់ៗ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៥ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរថាមពល សុខាភិបាល លើកកម្ពស់សមត្ថភាពអនុវត្តច្បាប់នៅសមុទ្រ ផ្កាយរណបអវកាស និងបេតិកភណ្ឌវប្បធម៌។
ជាពិសេសការដែលលោកប្រធានរដ្ឋថ្លែងសុន្ទរកថាសំខាន់នៅរដ្ឋសភាជប៉ុនគឺជាចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចនេះ៕