ដោះស្រាយបញ្ហាប្រឈមក្នុងការងារចំនួនប្រជាជន និងការអភិវឌ្ឍ
(VOVWORLD) - ការដោះស្រាយបញ្ហាប្រឈមក្នុងការងារទាក់ទងនឹងចំនួនប្រជាជន និងការ អភិវឌ្ឍតម្រូវឱ្យមានវិធីអភិក្រមដែលគ្របដណ្ដប់គោលនយោបាយទាំងខាងសេដ្ឋកិច្ច នយោបាយ សុខុមាលភាពសង្គម និងការអប់រំ...; ឆ្ពោះទៅរកភាពសុខដុមរមនា និង សមហេតុផលនៃទំហំ រចនាសម្ព័ន្ធ និងគុណភាពនៃចំនួនប្រជាជនរវាងបណ្ដាតំបន់។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ប្រធានគណៈកម្មាធិការជាតិដឹកនាំការងារចំនួនប្រជាជន និងការអភិវឌ្ឍ ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV) |
នេះបើតាមការសង្កត់ធ្ងន់របស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ប្រធានគណៈកម្មាធិការជាតិដឹកនាំការងារចំនួនប្រជាជន និងការអភិវឌ្ឍ ក្នុងសន្និសីទ ដាក់ពង្រាយការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការដឹកនាំ ដែលប្រព្រឹត្តទៅនៅ រសៀលថ្ងៃទី ១៥ មីនា នៅទីស្នាក់ការរដ្ឋាភិបាល រដ្ឋធានីហាណូយ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចំនួនប្រជាជនវៀតណាម កាលពីឆ្នាំមុន មានប្រហែល ១០០,៣ លាននាក់ ជាមួយនឹងអត្រាកំណើនចំនួន ០,៨៤%។ ចំនួនប្រជាជនដែលមានអាយុធ្វើការស្រូបយកជិត ៧០% នៃចំនួនប្រជាជន សរុប ដែលស្ថិតក្នុងដំណាក់កាលនៃរចនាសម្ព័ន្ធប្រជាជនមាស។ គុណភាពប្រជាជនមានការប្រសើរឡើងក្នុងផ្នែកជាច្រើន ចាប់ពីផ្នែកសុខភាពរាងកាយ អាយុ កម្រិតអប់រំ ការពិគ្រោះយោបល់អំពីសុខភាពបន្តពូជ...ទោះជាយ៉ាងណាក៏ដោយ ចំនួនប្រជាជន ដ៏ធំក៏ដាក់សម្ពាធលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច បច្ចេកទេស សង្គម បរិស្ថានទីក្រុង និងជនបទផងដែរ។ វៀតណាមជាប្រទេសដែលមានល្បឿននៃភាពចាស់របស់ ប្រជាជនយ៉ាងឆាប់រហ័ស ដែលរំពឹងថានឹងឈានចូលដំណាក់កាលនៃចំនួនប្រជាជន វ័យចាស់នៅឆ្នាំ ២០៣៨។ ប្រការនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យជាច្រើននៃ ជីវភាពសង្គម ដូចជាប្រព័ន្ធថែទាំសុខភាព សុខុមាលភាពសង្គម និងការងារជាដើម។
ក្នុងសន្និសីទ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ថា ធនធានមនុស្សនឹងជំនួសធនធានធម្មជាតិ។ រួមជាមួយនឹងមនុស្សមានទេពកោសល្យ ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ គឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយចីរភាព។ ដូច្នេះ ស្ថាប័នពាក់ព័ន្ធត្រូវបន្តស្រាវជ្រាវបទ ពិសោធន៍ក្នុងការងារចំនួនប្រជាជនរបស់ប្រទេសក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនឹង នេះ ជំរុញខ្លាំងការឃោសនាអំពីសារៈសំខាន់នៃគោលនយោបាយចំនួនប្រជាជន និងការអភិវឌ្ឍ; កសាងមូលដ្ឋានទិន្នន័យ ឧបករណ៍ដើម្បីប្រមូល និងធ្វើស្ថិតិអំពី សូចនាករចំនួនប្រជាជនផងដែរ៕