ណាតូសន្យាបន្តផ្តល់ជំនួយធំៗសម្រាប់អ៊ុយក្រែន
(VOVWORLD) - អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កាលពីថ្ងៃទី ១០ ខែមករា បានបញ្ជាក់ថា អង្គាការនេះនឹងបន្តផ្តល់ជំនួយផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌សំខាន់ៗដល់អ៊ុយក្រែន។
នៅក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយបន្ទាប់ពីសន្និសីទតាមប្រព័ន្ធអ៊ីនធឺណេត យោងទៅតាមសំណើរបស់អ៊ុយក្រែន អង្គការណាតូបានឲ្យដឹងថា ប្រទេសជាសមាជិកសម្ព័ន្ធភាពយោធានេះ គ្រោងនឹងផ្តល់ជំនួយ "រាប់ពាន់លានអឺរ៉ូ" បន្ថែមទៀតដល់អ៊ុយក្រែនក្នុងឆ្នាំ ២០២៤។ តំណាងអ៊ុយក្រែនដែលចូលរួមក្នុងកិច្ចប្រជុំតាមអ៊ីនធឺណែតរួមមាន៖ ឧត្តមសេនីយ៍ឯក Mykola Oleshchuk មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន និងអនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង លោក Oleksii Serhieiev ។
រថក្រោះអ៊ុយក្រែនធ្វើដំណើរទៅកាន់ក្នុងតំបន់ Luhansk។ រូបថត៖ AFP/Getty Images |
នាថ្ងៃដដែលនោះ ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកស្រី Edem Wosorno មន្ត្រីជាន់ខ្ពស់នៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ទីភ្នាក់ងារអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ នឹងស្វែងរកថវិកាចំនួន ៣,១ ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែននៅឆ្នាំ ២០២៤។ ព័ត៌មានខាងលើត្រូវបានលោកស្រី Wosorno ប្រកាស ខណៈដែល OCHA និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនកំពុងរៀបចំប្រកាសផែនការគាំទ្រអ៊ុយក្រែននៅថ្ងៃទី ១៥ ខែមករា។ OCHA ប៉ាន់ប្រមាណថា មនុស្សជាង ១៤,៦ លាននាក់ ឬប្រហែល ៤០% នៃចំនួនប្រជាជនអ៊ុយក្រែន នឹងទទួលបានជំនួយមនុស្សធម៌នៅឆ្នាំនេះ៕