តំបន់ជាច្រើននៅវៀតណាមបង្កើនវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19
(VOVWORLD) - នៅចំពោះមុខការវិវត្តន៍យ៉ាងស្មុគស្មាញនៃជម្ងឺ Covid-19 តំបន់ជាច្រើនលើទូទាំងប្រទេសវៀតណាមបានដាក់ឲ្យដំណើរការយ៉ាងសកម្មនូវដំណោះស្រាយបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតក្នុងសភាពការណ៍ថ្មី។
ប្រជាជនរាយការណ៍ស្ថានភាពសុខភាពនៅមូលដ្ឋានសុខាភិបាល។ (រូបថត៖ TTXVN) |
គណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានសម្រេចចិត្តបញ្ឈប់ជាបណ្ដោះអាសន្ននូវការរៀបចំពិធីបុណ្យ ផ្សារណាត់ ឬព្រឹត្តិការណ៍មានទ្រង់ទ្រាយធំនៅក្នុងខេត្តចាប់ពីថ្ងៃទី១ សីហា រហូតដល់កាលណាដែលមានសេចក្ដីជូនដំណឹងថ្មី។ កងទ័ពការពារព្រំដែនខេត្តរឹតបន្តឹងការគ្រប់គ្រងខ្សែព្រំដែន ដោះស្រាយយ៉ាងម៉ឺងម៉ាត់ចំពោះករណីឆ្លងដែនដោយខុសច្បាប់។ ចំណែកឯសមត្ថកិច្ចផ្នែកអប់រំអនុវត្តវិធានការបង្ការប្រយុទ្ធប្រឆាំងជម្ងឺឲ្យបានម៉ឺងម៉ាត់ដើម្បីធានាសុវត្ថិភាពសម្រាប់ការប្រឡងបញ្ចប់ថ្នាកវិទ្យាល័យនាពេលខាងមុខ។
នៅខេត្ត Dak Nong វិញ ចាប់ពីវេលាម៉ោង០ថ្ងៃទី២ សីហា ខេត្តបានបញ្ឈប់ជាបណ្ដោះអាសន្ននូវការរៀបចំពិធីបុណ្យ ពិធីការសាសនា សកម្មភាពកីឡា ឬព្រឹត្តិការណ៍ដែលប្រមូលផ្ដុំមនុស្សជាច្រើននៅកន្លែងសាធារណៈ។ ខេត្តក៏បានសម្រេចចិត្តបញ្ឈប់ជាបណ្ដោះអាសន្ននូវសកម្មភាពអាជីវកម្មមួយចំនួនដូចជា៖ មណ្ឌលលេងកំសាន្ត មណ្ឌលកែសម្ភស្ស សេវាម៉ាស្សា បារ ឌីស្កូ ជាដើម។ ប្រជាជនមិនត្រូវបានអនុញ្ញាតឲ្យប្រមូលផ្ដុំគ្នាច្រើនជាង៣០ នាក់នៅកន្លែងសាធារណៈ រក្សាគម្លាតយ៉ាងហោចណាស់១ម៉ែត្រពីគ្នា ហើយពាក់ម៉ាស់នៅពេលចេញពីផ្ទះ ផងដែរ៕