ត្រៀមរៀបចំយ៉ាងល្អបំផុតសម្រាប់សម័យប្រជុំលើកទី២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
(VOVWORLD) - នារសៀលថ្ងៃទី ១១ សីហា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការផ្តល់យោបល់លើសេចក្តីព្រាងរបាយ ការណ៍ស្តីពីលទ្ធផលឃ្លាំមើលការអនុវត្តកម្មវិធីគោលដៅជាតិចំនួន៣ ដើម្បីដាក់ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅសម័យប្រជុំលើកទី២៥ខាងមុខនេះ។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue ដឹកនាំកិច្ចប្រជុំផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលឃ្លាំមើលការអនុវត្តកម្មវិធីគោលដៅជាតិទាំង៣ និងសម័យសួរដេញដោលរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ (រូបថត៖ VOV) |
ការឃ្លាំមើលការអនុវត្តកម្មវិធីគោលដៅជាតិចំនួន៣ រួមមាន៖ កម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ដំណាក់កាលឆ្នាំ២០២១-២០២៥ កម្មវិធីកាត់បន្ថយភាព ក្រីក្រប្រកបដោយនិរន្តរភាពដំណាក់កាលឆ្នាំ២០២១-២០២៥ និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ ២០២១-២០៣០ ដែល ត្រូវបានអនុវត្តន៍នៅក្នុងក្រសួង ស្ថាប័នចំនួន ៧ និងខេត្តក្រុងចំនួន ១៥។
នារសៀលថ្ងៃដដែល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសម្រាប់សម័យសួរដេញដោល-ឆ្លើយសំណួរ ដេញដោល នាថ្ងៃទី ១៥ សីហា ក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី ២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភា។ សម័យសួរដេញដោលលើកនេះ នឹងផ្តោតលើក្រុមបញ្ហានានា ក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ រួមជាមួយបញ្ហាមួយចំនួនដែលកំពុងទទួលបានការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋនាពេលកន្លងមក ដូចជា ការអនុវត្តកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិ; ដំណោះស្រាយដើម្បី ជំនះពុះពារលើការលំបាកសម្រាប់ការនាំចេញកសិផល; ដំណោះស្រាយដើម្បីដក "កាតលឿង" របស់គណៈកម្មាធិការអឺរ៉ុបទៅលើជនផល; ការធានាសន្តិសុខស្បៀង អាហារ និងការនាំចេញអង្ករ ជាដើម។
តាមការរំពឹងទុក សម័យប្រជុំលើកទី២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៨ ខែសីហា (វគ្គទី១) និងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែសីហា (វគ្គទី២) នៅវិមានរដ្ឋសភា៕