ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានផ្ញើសារទូរលេខ និងលិខិតចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំវៀតណាមអំពីអគ្គីភ័យនៅក្នុងសង្កាត់ Khuong Dinh ខ័ណ្ឌ Thanh Xuan

(VOVWORLD) - ទទួលបានព័ត៌មានអគ្គិភ័យនៅសង្កាត់ Khuong Dinh ខ័ណ្ឌ Thanh Xuan ទីក្រុងហាណូយ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា បណ្តាលឲ្យបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរនោះ នាថ្ងៃទី ១៥ ខែកញ្ញា ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋបូលីវ៉ារី វេណេស៊ុយអេឡា និង សាធារណរដ្ឋកាហ្សាក់ស្ថានបានផ្ញើទូរលេខ និងលិខិតចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំវៀតណាម។

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone បានផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ ក្នុងសារនោះ នាយករដ្ឋមន្ត្រីឡាវបានជឿជាក់ថា ក្រោមការយកចិត្តទុកដាក់ និងការដឹកនាំរបស់រដ្ឋាភិបាល វិស័យនានា និងអាជ្ញាធររដ្ឋធានីហាណូយ ប្រជាជន និងគ្រួសារដែលរងទុក្ខសោកនឹងជំនះការលំបាក ហើយឆាប់វិលមករកជីវភាពធម្មតាវិញ។ លោកនាយករដ្ឋមន្ត្រី Sonexay Siphandone បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល និងប្រជាជនឡាវ តែងតែឈរក្បែរបក្សភាតរភាព រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងគ្រាលំបាក និងលើកតម្កើងប្រពៃណីនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយឡាវ-វៀតណាម។

ប្រធានាធិបតីនៃសាធារណរដ្ឋបូលីវ៉ារីនៃវ៉េណេស៊ុយអេឡា Nicolas Maduro និងប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym-Jomart Tokayev បានផ្ញើសារទូរលេខ និងលិខិតចូលរួមរំលែកទុក្ខជូនប្រធានរដ្ឋវៀតណាមលោក Vo Van Thuong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ