ទីក្រុងហូជីមិញ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជំរុញកិច្ចសហប្រតិបត្តិការស្តារសេដ្ឋកិច្ចឡើងវិញ
(VOVWORLD) - នាថ្ងៃទី ២៣ តុលា នៅទីក្រុងហូជីមិញ លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានជួបសន្ទនាតាមប្រព័ន្ធអនឡាញជាមួយលោក Andrew Jeffries នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅវៀតណាម ដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai (រូបថត៖ TTXVN) |
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានឲ្យដឹងថា រហូតមកដល់ពេលនេះ ទីក្រុងបានគ្រប់គ្រងជំងឺរាតត្បាតជាបណ្តើរៗ ហើយឈានចូលដំណាក់កាល ស្តារសេដ្ឋកិច្ចឡើងវិញ។ ទីក្រុងបានកំណត់ផែនការស្តារសេដ្ឋកិច្ចជាដំណាក់កាល និងបង្កើតយុទ្ធសាស្រ្តចំនួន ១១ ដើម្បីសម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានលើកសំណើរថា នាពេលខាងមុខ ភាគីទាំងពីរគប្បីពង្រឹងថែមទៀតនូវប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងដែលកំពុងអនុវត្តន៍។
ចែករំលែកអំពីផលប៉ះពាល់នៃ ជំងឺកូវីដ-១៩ លោក Andrew Jeffries បានបញ្ជាក់ថា ADB ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រយ៉ាងទូលំទូលាយដល់ផែនការស្តារសេដ្ឋកិច្ចរបស់ទីក្រុងនាបច្ចុប្បន្ន ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលមធ្យម និងរយៈពេលវែងផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ីមានត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយទីក្រុងក្នុងអនុវត្តន៍គម្រោងដែល ភាគីទាំងពីរបានឯកភាពគ្នា ព្រមទាំងធ្វើការ ស្រាវជ្រាវលើការផ្តល់ហិរញ្ញវត្ថុសម្រាប់កញ្ចប់ចំណាយសង្គមដែលទាក់ទងនឹងការស្ដារសេដ្ឋកិច្ចឡើងវិញ។ ទន្ទឹមនឹងនេះ គាំទ្រផ្តល់ឥណទាន ជួយសម្រួលអង្គភាពអាជីវកម្មទីក្រុងដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕