ទីក្រុង Kiev ស្នើឲ្យ“ ជួយឧបត្ថម្ភគាំទ្រដោយគ្មានលក្ខខណ្ឌ” នៃការស៊ើបអង្កេតករណីយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនត្រូវបានធ្លាក់នៅអ៊ីរ៉ង់
(VOVWORLD) - នាថ្ងៃទី ៩ ខែមករា អ៊ុយក្រែនបានអំពាវនាវឱ្យមានការជួយឧបត្ថម្ភគាំទ្រដោយគ្មានលក្ខខណ្ឌសម្រាប់អ្នកស៊ើបអង្កេតរបស់ប្រទេសនេះ បន្ទាប់ពីករណី យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (UIA) ត្រូវបានធ្លាក់នៅប្រទេសអ៊ីរ៉ង់ ដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានអះអាងថាមាន រ៉ុក្កែតមួយគ្រាប់បានបាញ់ត្រូវយន្តហោះនេះដោយភាពច្រឡំផងដែរ។
កន្លែងកើតហេតុណ៍នៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (UIA) នៅប្រទេសអ៊ីរ៉ង់ (រូបថត៖ IRNA/TTXVN) |
ថ្លែងមតិនៅឯកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែន លោក Sergiy Kyslytsya បានសង្កត់ធ្ងន់ថា៖ «ព័ត៌មានលម្អិតនៃគ្រោះសោកនាដកម្មនេះនៅតែមិនទាន់ច្បាស់ឡើយ។ សភាពការណ៍និងមូលហេតុនៃគ្រោះថ្នាក់នេះ នៅតែអាស្រ័យលើលទ្ធផលនៃការស៊ើបអង្កេតរបស់អ្នកជំនាញនានា។ ដើម្បីសម្រេចបានប្រការនេះ អ្នកជំនាញ របស់យើងខ្ញុំត្រូវតែទទួលបានការជួយឧបត្ថម្ភដោយគ្មានលក្ខខណ្ឌ»។
ទន្ទឹមនឹងនេះដែរ ក្នុងសេចក្តីប្រកាសជាភាសាអង់គ្លេសរបស់ប្រធានាធិបតីអ៊ុយក្រែន បានសរសេរថា“ ប្រសិនបើប្រទេសណាមួយ មានព័ត៌មានដែលអាចជួយធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាពនិងស័ត្យានុម័តអំពីគ្រោះសោកនាដកម្មនេះ យើងខ្ញុំនឹងត្រៀមខ្លួនទទួលស្វាគមន៍និងសហការដើម្បីផ្ទៀងផ្ទាត់ជាបន្ថែមទៀតផងដែរ។ អ៊ុយក្រែនចង់ស្វែងរកការពិត ហេតុដូច្នេះខ្ញុំស្នើឲ្យដៃគូអន្តរជាតិទាំងអស់របស់យើងខ្ញុំ ប្រសិនបើមានភ័ស្តុតាងណាមួយដែលអាចជួយដល់ការស៊ើបអង្កេតនេះ សូមផ្តល់ជូនផង”។
សូមបញ្ជាក់ថា នាថ្ងៃទី ៩ ខែមករា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសទិវាកាន់ទុក្ខជាតិមួយថ្ងៃ ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធនៃជនរងគ្រោះនៃការធ្លាក់យន្ដហោះអន្ដរជាតិអ៊ុយក្រែន (UIA) នៅប្រទេសអ៊ីរ៉ង់នាថ្ងៃទី ៨ ខែមករា ដែលបានបណ្តាលឲ្យមនុស្សចំនួន ១៧៦ នាក់ត្រូវបានស្លាប់៕