ទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក កំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី
(VOVWORLD) - ក្នុងជំនួបនេះ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមគោរពកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក; ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិកកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយនឹងឱកាសជួបប្រស្រ័យគ្នា និងសហប្រតិប្តតិការថ្នាក់ជាតិ តំបន់ សហគ្រាស និងប្រជាជន។
សមាជិកគណៈប្រតិភូដឹកនាំដោយអនុប្រធានរដ្លោកស្រីឋ Vo Thi Anh Xuan និងបុគ្គលិកការិយាល័យអភិបាលក្រុងញូវយ៉ក។ រូបថត៖ Pham Huan/VOV-Washington |
ក្នុងឱកាសអញ្ជើញចូលរួមសម័យប្រជុំលើកទី ៦៨ នៃគណៈកម្មការស្ថានភាពស្ត្រី (CSW) នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីម្សិលមិញ (ថ្ងៃទី១១ មីនា) អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan មានជំនួបជាមួយ លោក Eric Adams អភិបាលក្រុងញូវយ៉ក។ ក្នុងជំនួបនេះ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមគោរពកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក; ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិកកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយនឹងឱកាសជួបប្រស្រ័យគ្នា និងសហប្រតិប្តតិការថ្នាក់ជាតិ តំបន់ សហគ្រាស និងប្រជាជន។ លោកស្រីបានស្នើឲ្យទីក្រុងញូវយ៉កបន្តយកចិត្តទុកដាក់ និងជួយឧបត្ថម្ភប្រជាជន សហគ្រាសសហរដ្ឋអាមេរិក និងទីក្រុងញូវយ៉កមកវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម ក៏ដូចជាយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាស និងសហគមន៍ជនវៀតណាមនៅទីនេះឲ្យកាន់តែខ្លាំងរឹងមាំ រួមចំណែកទៅក្នុងការអភិវឌ្ឍរបស់ទីក្រុងក៏ដូចជាទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក។
លោកស្រីអនុប្រធានរដ្ឋបានលើកទឹកចិត្តដល់ទីក្រុងញូវយ៉ក និងទីក្រុងហូជីមិញ បង្កើតយន្តការនានា ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ រួមទាំងការបង្កើនការជួបប្រាស្រ័យទាក់ទងគ្នា និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងធុរកិច្ចទាំងសងខាង; ស្នើឱ្យទីញូវយ៉កចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភទីក្រុងហូជីមិញ អភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ លោកស្រីបានអះអាងថា ក្រសួង ស្ថាប័ននានារបស់វៀត ណាមបានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភរាល់សកម្មភាពសហប្រតិបត្តិការរបស់ទីក្រុងញូវយ៉កជាមួយនឹងតំបន់នានារបស់វៀតណាម លើវិស័យដែលលោកអភិបាលក្រុងចាប់អារម្មណ៍។
រីឯខ្លួនវិញ លោក Eric Adams បានអះអាងថា ទីក្រុងញូវយ៉កមានគោលបំណងចង់បន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយវៀតណាម ជាពិសេសគឺអនុវត្តន៍អនុស្សារណៈយោគយល់គ្នារវាងទីក្រុងហូជីមិញ និងទីក្រុងញូវយ៉ក ដែលបានចុះហត្ថលេខាកាលពីខែកញ្ញាឆ្នាំមុន។ លោកអភិបាលក្រុងបានអះអាងថា លោកនឹងពង្រីកប្រៀបខ្លាំងរបស់ទីក្រុង ដើម្បីបង្កើនទំនាក់ទំនងជាមួយដៃគូវៀតណាមផងដែរ៕