ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មវៀតណាម-រុស្ស៊ីមានការអភិវឌ្ឍដោយឥតឈប់ឈរ
(VOVWORLD) - នាប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ី ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ វៀតណាមនិងរុស្ស៊ីបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ ២០០១ និងបានលើកកម្ពស់ទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាឆ្នាំ ២០១២។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov |
ដោយមានចំនួនប្រជាជន ជិត ១៤៣ លាននាក់ រួមជាមួយពន្ធអនុគ្រោះជាច្រើន ខណៈពេលដែល រុស្ស៊ីចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មក បច្ចុប្បន្ន រុស្ស៊ីកំពុងតែជាទីផ្សារប្រពៃណីសម្រាប់ទំនិញនាំចេញរបស់វៀតណាម។
ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្រោយរយៈពេល២ឆ្នាំ នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប រហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងរុស្ស៊ីទទួលបានកំណើនគួរឲ្យកត់ សម្គាល់។ ពោលគឺ ក្នុងឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទទួលបាន ៤,៥៧ ពាន់លានដុល្លាអាមេរិក។ រីឯក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០១៩ ទំហំពាណិជ្ជ កម្មរវាងវៀតណាមនិងរុស្ស៊ី ទទួលបានជាង ១,៥ ពាន់លានដុល្លាអាមេរិក។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov បានអះអាងថា៖ “រុស្ស៊ីនិងវៀតណាមបានដាក់ចេញគោលដៅ នាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ជាង ១០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០២០ ហើយជាទូទៅ ប្រទេសយើងទាំងពីរ កំពុងទទួលបានជោគជ័យ ព្រោះថា ជាមធ្យម ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងប្រហែល ២០%។ ឆ្នាំមុននេះ យើងទទួលបានតួរលេខ ៦ពាន់លានដុល្លាអាមេរិក ប៉ុន្តែ បើគិតទាំងចំនួនវិនិយោគ គឺយើងបានខិតមកជិតជាមួយតួលេខ ១០ ពាន់លានដុល្លាអាមេរិកហើយ។ ខ្ញុំបានវាយតម្លៃខ្ពស់ចំពោះការដែល ប្រទេសទាំងពីរបានអនុវត្តការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ ប៉ុន្តែ ដើម្បីអនុវត្តជាក់ស្តែងនូវគោលដៅដែលបានដាក់ចេញនោះ យើងត្រូវតែអនុវត្តន៍រាល់គម្រោងការរួម ជាពិសេសលើវិស័យ ផលិតទំនិញ”។
យោងតាមក្រសួងឧស្សាកម្មនិងពាណិជ្ជកម្មវៀតណាម បច្ចុប្បន្ននេះ រុស្ស៊ីកំពុងឈរលំដាប់ថ្នាក់ទី២៤ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន១២៩ ដែលមានការវិនិយោគនៅវៀតណាម ដោយមានគម្រោងចំនួន ១២៣ និងទុនចុះបញ្ជីឡើងដល់ជាង៩៣២លានដុល្លាអាមេរិក។ រុស្ស៊ីវិនិយោគភាគច្រើនលើវិស័យប្រេងឧស្ម័ន្ធ និងថាមពល។ ហើយចំណែកវៀតណាម មានគម្រោងការវិនិយោគនៅរុស្ស៊ី ចំនួន ២២ គម្រោង ដោយទុនវិនិយោគថ្មីសរុបជិត ៣ ពាន់លានដុល្លារអាមេរិក៕