ទីផ្សារមូលបត្រវៀតណាមនឹងបន្តរីកចម្រើនក្នុងឆ្នាំ ២០២២

(VOVWORLD) - កាសែត Daily Mail (ចក្រភពអង់គ្លេស) កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានចុះផ្សាយអត្ថបទវិភាគដោយចាត់ទុកថា វៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយ ក្នុងចំណោមខឿនសេដ្ឋកិច្ចប្រកបដោយជោគជ័យរបស់ពិភពលោក។ 
ទីផ្សារមូលបត្រវៀតណាមនឹងបន្តរីកចម្រើនក្នុងឆ្នាំ ២០២២ - ảnh 1(រូបថត៖ VNA)

តាមនោះ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ វៀតណាមបានទទួលស្គាល់វិស័យឯកជន បង្កើតទីផ្សារមូលបត្រ ហើយទទួលបានផលប្រយោជន៍ពីប្រភពវិនិយោគរបស់ក្រុមហ៊ុនពហុជាតិធំៗ ដោយសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំពី ៧ ទៅ ៨% ។ បច្ចុប្បន្ន ក្រុមអ្នកគ្រប់គ្រងមូលនិធិ និងវិនិយោគិនចក្រភពអង់គ្លេសមួយចំនួនបានចាត់ទុកថា វៀតណាមជាគោលដៅវិនិយោគគួរឲ្យចាប់អារម្មណ៍។

យោងតាមអត្ថបទសរសេរបានឲ្យដឹងថា ទោះបីជារងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ដូចជាខឿន សេដ្ឋកិច្ចផ្សេងទៀតនៅលើពិភពលោកក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមកំពុងស្ដារឡើងវិញតាមទិសដៅដ៏ត្រឹមត្រូវ ខណៈពេលដែលវិធានការរឹតត្បិត ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតត្រូវបានដកវិញ។ តាមការព្យាករណ៍បានឲ្យដឹងថា អត្រាកំណើននៅឆ្នាំនេះ ទទួលបានត្រឹមតែ ១,៥% ប៉ុណ្ណោះ ប៉ុន្តែ អត្រាកំណើនខ្ពស់មុនពេលផ្ទុះជំងឺរាតត្បាតនឹងវិលត្រឡប់ទៅរកសភាពដើមវិញនៅឆ្នាំ ២០២២។ ទីផ្សារមូលបត្រវៀតណាមក៏ស្ថិតក្នុងចំណោមទីផ្សារដែលបានប្រតិបត្តិយ៉ាងល្អប្រសើរបំផុតនៅអាស៊ី  កើនជាង ៣០% នៅឆ្នាំនេះ។ យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ទីផ្សារវៀតណាមទំនងនឹងរីកចម្រើនថែមទៀតនាឆ្នាំ ២០២២ ខាងមុខខណៈពេលដែលសហគ្រាសនៅវៀតណាមបានស្ដារប្រាក់ចំណេញឡើងវិញផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ