ទួរគីបានបញ្ជាក់ថា រុស្ស៊ីយល់ព្រមបន្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ
(VOVWORLD) - ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានប្រកាសថា សមភាគីរុស្ស៊ីលោក V. Putin បានយល់ព្រមបន្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅក្នុងបរិបទដែលកិច្ចព្រមព្រៀងនេះនឹងផុតពេលកំណត់នាសប្តាហ៍ខាងមុខ។
កប៉ាល់ដឹកគ្រាប់ធញ្ញជាតិផ្លាស់ទីតាមច្រកទ្វាសមុទ្រ Bosphorus ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួរគី។ រូបថត៖ AFP/VNA |
ថ្លែងទៅកាន់សារព័ត៌មានកាលថ្ងៃទី ១៤ ខែកក្កដា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានឲ្យដឹងថា លោកបានពិភាក្សាជាមួយមេដឹកនាំរុស្ស៊ីអំពីកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដើម្បីជួយសម្រាលវិបត្តិស្បៀងអាហារសកល។ លោកបានសង្កត់ធ្ងន់ថា ប្រទេសទួរគីកំពុងរៀបចំទទួលស្វាគមន៍ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មកបំពេញទស្សនកិច្ចនៅខែសីហា ហើយប្រទេសទាំងពីរបានឯកភាពពង្រីកច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិនៅក្នុងសមុទ្រខ្មៅផងដែរ។
នាថ្ងៃដដែលនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ទីក្រុងម៉ូស្គូនឹងបន្ថែមសកម្មភាពរបស់ខ្លួន មុនពេលគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅអស់សុពលភាព។
មកទល់ពេលនេះ គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបានអនុញ្ញាតឱ្យអ៊ុយក្រែនដឹកជញ្ជូនគ្រាប់ធញ្ញជាតិចំនួជាង ៣២ លានតោនតាមរយៈសមុទ្រខ្មៅ។ គ្រាប់ធញ្ញជាតិនេះភាគច្រើនត្រូវបានដឹកជញ្ជូនទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាហ្វ្រិកនិងមជ្ឈិមបូព៌ា។ ប្រសិនបើកិច្ចព្រមព្រៀងនេះអស់សុពលភាព តម្លៃស្បៀងអាហារទំនងជានឹងកើនឡើងខ្ពស់៕