ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៦,៣% នៅឆ្នាំ ២០២៣

(VOVWORLD) - នេះជាការវាយតម្លៃរបស់ធនាគារពិភព លោក (WB) ប្រចាំនៅវៀតណាម ក្នុងពិធីប្រកាសរបាយការណ៍ពិនិត្យឡើងវិញ-បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ច វៀតណាមក្នុងខែមីនា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ ខែមីនា នៅទីក្រុងហាណូយ។
 ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៦,៣% នៅឆ្នាំ ២០២៣ - ảnh 1ទិដ្ឋភាពនៃកម្មវិធី ប្រកាសរបាយការណ៍ពិនិត្យឡើងវិញ-បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ច វៀតណាម

កំណើនសេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករថា នឹងស្ថិតក្នុងកម្រិត ៦,៣% នៅឆ្នាំនេះ។ យថាទស្សន៍សម្រាប់សេដ្ឋកិច្ចមានភាពវិជ្ជមាន ប៉ុន្តែការលំបាកក្នុងប្រទេស និងក្រៅប្រទេសទាមទារឱ្យមានការពង្រឹងការសម្របសម្រួល និងការឆ្លើយតប គោលនយោបាយ។ នេះជាការវាយតម្លៃរបស់ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម ក្នុងពិធីប្រកាសរបាយការណ៍ពិនិត្យឡើងវិញ-បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចវៀតណាមក្នុងខែមីនា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ ខែមីនា នៅទីក្រុងហាណូយ។អញ្ជើញធ្វើការវិភាគលម្អិតអំពីខ្លឹមសារដែលមានចែងក្នុងរបាយការណ៍ពិនិត្យឡើងវិញ-ធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសេដ្ឋកិច្ច វៀតណាមក្នុងខែមីនា ឆ្នាំ២០២៣ លោកស្រី Dorsati Madani សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក និងជាអ្នកនិពន្ធរបាយការណ៍បានលើកឡើងថា៖  “យើងព្យាករណ៍កំណើននៅឆ្នាំនេះស្ថិតប្រហែល ៦,៣% គឺទាបជាងឆ្នាំមុន។ តម្រូវការខាងក្រៅ ជាពិសេសនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ នឹងធ្លាក់ចុះជាងឆ្នាំមុន ដោយសារមានការវិវឌ្ឍន៍កើតមានឡើងនៅសហរដ្ឋអាមេរិក និងអឺរ៉ុបទាក់ទងនឹងគោលនយោបាយកំណើន ការគ្រប់គ្រងអតិផរណា និងការកាត់បន្ថយអត្រាការប្រាក់។ សេដ្ឋកិច្ចទាំងនេះនឹងធ្លាក់ចុះ។ ដូច្នេះកម្លាំងទិញទំនិញវៀតណាមក៏នឹងថយចុះដែរ។ ប៉ុន្តែ នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ យើងឃើញមានយថាទស្សន៍ច្រើនដែរ ដោយសារតែតម្រូវការខាងក្រៅពីសហរដ្ឋអាមេរិក និងអឺរ៉ុបនឹងងើបឡើងវិញកាន់ តែប្រសើរ ហើយតម្រូវការសម្រាប់ការនាំចេញរបស់វៀតណាមនឹងកាន់តែរឹងមាំ។ អតិផរណាក្នុងរយៈពេលខាងមុខនឹងជាមធ្យមប្រហែល ៤,៥%។ ការវិនិយោគសរុបនឹងបន្តស្តារយ៉ាងខ្លាំង ដែលរួមចំណែកដល់កំណើន GDP។ យថាទស្សន៍សេដ្ឋកិច្ចនឹងមានភាពប្រសើរឡើងក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ដោយសារការវិនិយោគឯកជនក្នុងស្រុកកាន់តែច្រើន”។

នៅក្នុងសេចក្តីប្រកាសរបាយការណ៍នោះ លោកស្រី Carolyn Turk នាយិការជាតិរបស់ WB ប្រចាំនៅវៀតណាមបានវាយតម្លៃថា វៀតណាមនៅតែមានសក្កានុពលដើម្បីអនុវត្តវិធានការជំរុញកំណើន រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងវិនិយោគ។ វិស័យឯកជនគឺជាគន្លឹះនៃកំណើនទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។   ទន្ទឹមនឹងនេះ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុចាំបាច់ត្រូវធ្វើសមកាលកម្ម ដើម្បីធានាបាននូវការគាំទ្រប្រកបដោយប្រសិទ្ធភាពសម្រាប់សេដ្ឋកិច្ច និងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ