ធម្មនុញ្ញអង្គការសហប្រជាជាតិគួរតែត្រូវបានលើកតម្លើងដូចទៅនឹងស្តង់ដារក្នុងទំនាក់ទំនងអន្តរជាតិ
(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃសម័យពិភាក្សារួមជាន់ខ្ពស់លើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២០ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នោះ នាថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២០ (ម៉ោងនៅវៀតណាម) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញមានសារសំខាន់ជូនដល់អង្គប្រជុំ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញមានសារសំខាន់ជូនដល់អង្គប្រជុំ |
នៅក្នុងសារនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានស្វាគមន៍នូវប្រធានបទនៃសម័យប្រជុំនេះ គឺ “អនាគតដែលយើងចង់បាន អង្គការសហប្រជាជាតិដែលយើងត្រូវការ៖ បញ្ជាក់ការប្តេជ្ញាចិត្តរួមគ្នារបស់យើង ចំពោះពហុភាគីនិយម - ឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩ តាមរយៈសកម្មភាពពហុភាគីប្រកបដោយប្រសិទ្ធភាព” ដោយលើកហេតុផលថា យន្តការពហុភាគីសកលនិងតំបន់ត្រូវទទួលបានការគោរពនិងលើកកម្ពស់។ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងគោលការណ៍គ្រឹះនៃច្បាប់អន្ដរជាតិ ចាំបាច់ត្រូវបានលើកតម្កើងនិងជំរុញដូចជាស្តង់ដារនៃការប្រព្រឹត្ដរបស់ប្រទេសទាំងធំ ទាំងតូចនៅក្នុងទំនាក់ទំនងអន្តរជាតិបច្ចុប្បន្ន។
ក្នុងស្មារតីនេះវៀតណាមអំពាវនាវឱ្យលុបចោលវិធានការដាក់ទណ្ឌកម្មឯកតោភាគី ដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសនិងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងបណ្តាប្រទេស ក្នុងនោះមានទាំងវិធានការណ៍ដាក់ទណ្ឌកម្មសម្រាប់ប្រទេសគុយបាតែម្តង។
ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ វៀតណាមនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញកិច្ចសន្ទនា កាត់បន្ថយភាពតានតឹង កាត់បន្ថយការប្រឈមមុខដាក់គ្នានិងស្វែងរកដំណោះស្រាយដោយសមហេតុផលសម្រាប់ដោះស្រាយបញ្ហាសន្តិភាពនិងសន្តិសុខអន្តរជាតិ និងក្នុងតំបន់។ ជាពិសេស លើកកម្ពស់ពហុភាគីនិយម គោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់ជាពិសេសគឺអាស៊ានទៀតសោត។
ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមនិងប្រទេសជាសមាជិកកំពុងខិតខំប្រឹងប្រែងដើម្បីកសាងតំបន់មួយប្រកបដោយសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ ហើយនឹងក្លាយជាសហគមន៍ស្អិតរមួតអំពីនយោបាយ មានការតភ្ជាប់សេដ្ឋកិច្ច និងមានការចែក រំលែកទំនួលខុសត្រូវសង្គម។ វៀតណាមអះអាងការប្តេជ្ញាចិត្តរបស់ខ្លួន រួមជាមួយបណ្តាប្រទេសផ្សេងទៀតទាំងក្នុងនិងក្រៅតំបន់ ក្នុងការថែរក្សានិងលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោ រពច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ និងគោរពតាមគោលការណ៍នៃការអត់ធ្មត់ ជៀសវាងសកម្មភាពឯកតោភាគី ដែលធ្វើអោយស្ថានការណ៍កាន់តែស្មុគស្មាញ ដោះស្រាយជម្លោះនិងភាពខុសគ្នាដោយសន្តិវិធី តាមរយៈដំណើរការការទូតនិងផ្លូវច្បាប់៕