ធ្វើអាជីវកម្មនិងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព
(VOVWORLD) - សម័យប្រជុំសួរដេញដោល លើកទី១ ក្នុងក្របខណ្ឌនៃសម័យប្រជុំ លើកទី៧ រដ្ឋសភា នីតិកាលទី ១៥ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៤ មិថុនា ដោយផ្តោតការពិភាក្សាលើបញ្ហាធនធានធម្មជាតិ និងបរិស្ថាន។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី១៥ (រូបថត៖ quochoi.vn) |
រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានលោក Dang Quoc Khanh ទទួលបន្ទុកឆ្លើយសំណួរសួរដេញដោល។ សម័យសួរដេញដោលនេះត្រូវបានផ្សាយផ្ទាល់តាមវិទ្យុ និងទូរទស្សន៍ ដើម្បីប្រជាជនទូទាំងប្រទេសបានតាមដានទស្សនា។
ធ្វើការឆ្លើយតបនឹងសំណួររបស់គណៈប្រតិភូអំពីផលប៉ះពាល់ នៃការជីក យកខ្សាច់សមុទ្រចំពោះការអភិរក្សធម្មជាតិ និងជីវចម្រុះសមុទ្រ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Dang Quoc Khanh បានឲ្យដឹងថា៖ “ការធ្វើអាជីវកម្ម និងប្រើប្រាស់ធនធានសមុទ្រចំណុះវិស័យជាច្រើន ហើយគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ ឧស្សាហកម្ម និងតំបន់ទីក្រុងនៅតាមឆ្នេរសមុទ្រទាំងអស់ ទាមទារឱ្យមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន ឱ្យបានហ្មត់ចត់ ធានាមិនប៉ះពាល់ដល់បរិស្ថានសមុទ្រ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ការដឹកជញ្ជូនទំនិញតាមសមុទ្រ និងវារីវប្បកម្ម។ ដើម្បីដោះស្រាយបញ្ហាត្រួតស៊ីគ្នា និងការជ្រៀតជ្រែកទាំងនេះ ផែនការជាតិសមុទ្របានប្រើប្រាស់ការកំណត់តំបន់ ការតំរង់ទិសលំហអភិវឌ្ឍន៍ និងការធ្វើផែនការដែលពាក់ព័ន្ធនឹងការរៀបចំផែនការតាមវិស័យ និងការធ្វើផែនការតំបន់ឆ្នេរ ចាំបាច់ត្រូវអនុវត្តផែនការយ៉ាងម៉ត់ចត់ ដើម្បីដោះស្រាយបញ្ហានេះ ទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការពារបរិស្ថាន”។
រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Dang Quoc Khanh ឆ្លើយសំណួរ (រូបថត៖ quochoi.vn) |
ឆ្លើយតបនឹងសំណួររបស់គណៈប្រតិភូរដ្ឋសភាអំពីដំណោះស្រាយ នៃការងារផ្សព្វផ្សាយ និងអប់រំគោលនយោបាយច្បាប់លើសមុទ្រ និងកោះ កាន់តែបានអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព លោករដ្ឋមន្ត្រី Dang Quoc Khanh បានឲ្យដឹងថា៖ “ការងារផ្សព្វផ្សាយច្បាប់ និងស្មារតីទទួលខុសត្រូវរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់។ ដូច្នេះប្រព័ន្ធនយោបាយទាំងមូលត្រូវចូលរួមក្នុងការឃោសនា។ នាពេលថ្មីៗនេះ ក្រសួងធនធានធម្មជាតិ និងបរិស្ថានបានសម្របសម្រួលជាមួយសមាគមជនចាស់ជរា សមាគមអតីតយុទ្ធជន សម្ព័ន្ធយុវជននារីវៀតណាម និងតាមមូលដ្ឋាននានា ដើម្បីផ្សព្វផ្សាយច្បាប់ គោលនយោបាយរបស់រដ្ឋ បន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋនូវព័ត៌មានទាក់ទងនឹងការនេសាទត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ”៕