ធ្វើឱ្យសម្បូរបែបនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរុស្ស៊ី-ចិន ក្នុងយុគសម័យថ្មី
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី ២៤ ខែឧសភា នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានជួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅក្នុងទីក្រុងប៉េកាំង ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី។f
នៅក្នុងជំនួបនេះ ប្រធានរដ្ឋចិន លោក Xi Jinping សង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តប្រើប្រាស់សក្តានុពល ទស្សនវិស័យ និងកម្លាំងចលករនៃទំនាក់ទំនងចិន-រុស្ស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក៏ដូចជាធ្វើឱ្យសម្បូរបែបថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មី។ យោងតាមលោក Xi Jinping ប្រទេសចិនមានសុឆន្ទៈសហការជាមួយរុស្ស៊ី និងសមាជិកសហភាពសេដ្ឋកិច្ចអាស៊ី- អឺរ៉ុប សំដៅបង្កលក្ខខណ្ឌសម្រាប់ការបង្កើតទីផ្សារតំបន់ដែលធំជាងមុន បើកចំហជាងមុន ធានាស្ថិរភាពនិងតម្លាភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់និងឧស្សាហកម្មសកល។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mishustin បានសង្កត់ធ្ងន់ថា រុស្ស៊ីមានបំណងចង់ពង្រឹងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ជាមួយចិន ហើយក៏បានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីជំរុញពិភពលោកពហុប៉ូល និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ៕