ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អប្រពៃនិងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជា
(VOVWORLD) - នៅជំនួបជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់សុខុន ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនារសៀលថ្ងៃទី ២៦ ខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន ជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងបន្តរួមចំណែកដ៏វិជ្ជមាននិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម( រូបថតៈ chinhphu.vn) |
ជាពិសេស ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ ដោយបានរំពឹងទុកថា ឆ្នាំ២០១៨ នឹងសម្រេចបានគោលដៅទទួលបានជិត ៥ ពាន់លានដុល្លារអាមេរិក ដូចទៅនឹងគោលដៅដែលបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដាក់ចេញ សម្រាប់ឆ្នាំ ២០២០។ ហើយទំនាក់ទំនងរវាងតំបន់ព្រំដែននៃប្រទេសទាំងពីរក៏លូតលាស់យ៉ាងខ្លាំងផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមនឹងទន្ទឹងរង់ចាំនូវដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែននាពេលខាងមុខ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងការបរទេសនៃប្រ ទេសទាំងពីរ ត្រៀមរៀបចំឲ្យបានល្អ សម្រាប់ដំណើរទស្សនកិច្ចក៏ដូចជាត្រៀមរៀបចំនូវព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចជាខួបលើកទី ៤០ នៃជ័យជម្នះរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧ខែមករា១៩៧៩-ថ្ងៃទី៧មករា២០១៩)។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យភាគីទាំងពីរ អនុវត្តន៍ល្អនូវកិច្ចព្រមព្រៀងដែលទទួលបានស្ដីពីបញ្ហាបោះបង្គោលព្រំដែន ក៏ដូចជា បង្កើតលក្ខខណ្ឌអំណោយផលនិងបរិយាកាសងាយស្រួលសម្រាប់សហគ្រាសនិងប្រជា ជននៃប្រទេសទាំងពីរធ្វើអាជីវកម្ម។
ទិដ្ឋភាពនៃជំនួប (រូបថតៈ Chinhphu.vn) |
ចំណែក ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានអះអាងថា ប្រជាជនកម្ពុជាមិនដែលភ្លេចនូវគុណបំណាចយ៉ាងធំធេងរបស់បក្ស រដ្ឋាភិបាល កងទ័ពនិងប្រជាជនវៀតណាម ដែលបានជួយប្រទេសកម្ពុជាក្នុងការលុបបំបាត់របបប្រល័យពូជសាសន៍និងជួយស្ថាបនាឡើងវិញប្រទេសជាតិ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៏ថា ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នាថ្ងៃទី ២៧ វិច្ឆិកា ភាគីទាំងពីរនឹងពិភាក្សាយ៉ាងយកចិត្តទុកដាក់ នូវមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងកិច្ច សហប្រតិបត្តិការ ក៏ដូចជា ការត្រៀមរៀបចំយ៉ាងល្អសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន នាពេលខាងមុខ៕