នាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-បារាំងកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព
(VOVWORLD) - នារសៀលថ្ងៃទី៨ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយប្រធានព្រឹទ្ធសភាបារាំងលោក Gérard Larcher។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានព្រឹទ្ធសភាបារាំង Gérard Larcher (រូបថត៖ Duong Giang/TTXVN) |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh សង្ឃឹមថា ភាគីទាំងពីរនឹងបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ តាមនោះរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងបារាំងលើវិស័យផ្សេងៗ ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។
ទាក់ទិននឹងវិស័យពាណិជ្ជកម្ម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា ភាគីទាំងពីរផ្តោតលើការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធ ភាព ដើម្បីទាញយកប្រយោជន៍ពីកាលានុវត្តភាពដ៏ធំធេងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA); ទន្ទឹមនឹងនោះ លោកចង់ឱ្យបារាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញរបស់វៀតណាម ជាពិសេសផលិត ផលកសិកម្ម និងជលផល ដើម្បីចូលទៅកាន់ទីផ្សារបារាំង។ វៀតណាមលើកទឹកចិត្តឱ្យអង្គភាពអាជីវកម្មបារាំងបន្តវិនិយោគនៅវៀតណាមលើវិស័យ ដែលបារាំងមានប្រៀបខ្លាំងដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ថាមពលកកើតឡើងវិញជាដើម។ ជាពិសេស វៀតណាមចង់ឱ្យបារាំងបង្ហើយក្នុងពេលឆាប់ៗនេះនូវការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA)។
នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបជាមួយប្រធានព្រឹទ្ធសភាបារាំង Gérard Larcher (រូបថត៖ Duong Giang/TTXVN) |
រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភា លោក Gérard Larcher បានអះអាងថា បារាំងនឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ ប្រធានព្រឹទ្ធសភាបានអះអាងថា បារាំងនឹងបន្តធ្វើសកម្មភាពជាក់ស្តែងដើម្បីជួយវៀតណាមក្នុងការជំរុញសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគចូលទីផ្សារសហភាពអឺរ៉ុប។ បារាំងនឹងផ្តល់ព័ត៌មានយ៉ាងសកម្មដល់ទីភ្នាក់ងារមុខងាររបស់គណៈកម្មការអឺរ៉ុបអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការដោះស្រាយបញ្ហា IUU “កាតលឿង” ក៏ដូចជាការគាំទ្រ និងលើកកម្ពស់គណៈកម្មាធិការអឺរ៉ុប (EC) ឲ្យដក “កាតលឿង” របស់ IUU សម្រាប់ការនាំចេញអាហារសមុទ្ររបស់វៀតណាមយ៉ាងឆាប់ៗ។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកទស្សនៈថា ចាំបាច់ត្រូវធានានូវសេរីភាព សន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត; បានអះអាងថា ការដោះស្រាយជម្លោះត្រូវតែដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕