នាំទំនាក់ទំនងវៀតណាម-ឥណ្ឌូណេស៊ី អភិវឌ្ឍន៍កាន់តែខ្លាំងក្លានិងជាក់ស្តែងថែមទៀត
(VOVWORLD) - នារសៀលថ្ងៃទី២៥ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo។
អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ (រូបថត៖ Van Hieu/VOV) |
ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញផ្តល់ព័ត៌មានអំពីគោលមាគ៌ាអភិវឌ្ឍន៍និងគោលនយោបាយការបរទេសរបស់វៀតណាម ដែលបានបញ្ជាក់អំពីសារៈសំខាន់របស់បក្ស និងរដ្ឋវៀតណាមចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ និងទំនាក់ទំនងជិតស្និទ្ធនិងប្រពៃណីរវាងប្រជាជនទាំងពីរ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឱ្យបង្កើនការយោគយល់គ្នាទៅវិញទៅមក ការជឿទុកចិត្តផ្នែកនយោបាយតាមរយៈកិច្ចប្រជុំ និងទំនាក់ទំនងជាន់ខ្ពស់ លើកកម្ពស់ទំនាក់ទំនងបក្ស ពង្រីកទំនាក់ទំនងរវាងរដ្ឋាភិបាល រដ្ឋសភា មូលដ្ឋាន និងការទូតរវាងប្រជាជននិងប្រជាជន; អនុវត្តន៍កិច្ចព្រមព្រៀង ជំរុញរាល់យន្តការ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ លោកអគ្គលេខាបក្សក៏បានស្នើភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយតុល្យភាព; សម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើត និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ក៏ដូចនៅវេទិកាអន្តរជាតិផ្សេងទៀត។
ទិដ្ឋភាពទូទៅនៃការសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់របស់អគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ Van Hieu/VOV) |
ចំណែកឯលោកប្រធានាធិបតី Joko Widodo បានឯកភាពលើប្រសាសន៍របស់អគ្គលេខាបក្សលោក Nguyen Phu Trong អំពីទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ; ហើយស្នើឲ្យវៀតណាមបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គម្រោងវិនិយោគរបស់ឥណ្ឌូនេស៊ីនៅវៀតណាម ជំរុញឲ្យបានខ្លាំងលើវិស័យសហប្រតិបត្តិការផ្សេងទៀតក្នុងឱកាសរំលឹកខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូនេស៊ី។ ដោយចែករំលែកប្រសាសន៍របស់លោកអគ្គលេខាបក្ស Nguyen Phu Trong អំពីស្ថានភាពអន្តរជាតិ និងតំបន់ និងតួនាទីមជ្ឈភាពរបស់អាស៊ាន ប្រធានាធិបតីលោក Joko Widodo បានស្នើឲ្យភាគីទាំងពីរធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដោយសង្ឃឹមថា វៀតណាមនឹងគាំទ្រឥណ្ឌូណេស៊ីឡើងកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២៣៕