នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
(VOVWORLD) - នារសៀលថ្ងៃទី ២២ ខែមីនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលម៉ាឡេស៊ីបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមិនា តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (ស្ដាំ) និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវៀតណាម និងសហគ្រាសឆ្នើមៗមួយចំនួនរបស់វៀតណាម ក៏ដូចជាជួបសំណេះសំណាលជាមួយសហគមន៍ជនម៉ាឡេស៊ីនៅវៀតណាមផងដែរ។
សេចក្តីថ្លែងការណ៍រួមវៀតណាម-ម៉ាឡេស៊ីបានចែងយ៉ាងច្បាស់លាស់ថា៖ ប្រទេសទាំងពីរបានឯកភាពគ្នាពង្រឹងទំនុកចិត្តនយោបាយ និងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ីឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយ ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតទ្វេភាគនាឆ្នាំ ២០២៣។ ភាគីទាំងពីរអះអាងពីការសន្យានឹងធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចតាមរយៈការជំរុញ និងថែរក្សាជំនួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំ ហើយខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចឲ្យបាន ១៨ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៥។ ភាគីទាំងពីរគាំទ្រការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការនៅលើសមុទ្រ និងមហាសាគរលើវិស័យអាទិភាពដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព គ្រប់គ្រងប្រភពធនធាន និងការពាររបរិស្ថានសមុទ្រ។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរំលឹកឡើងវិញនូវគោលជំហរឥតងាករេរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅលើសមុទ្រខាងកើត ព្រមទាំងអះអាងសារជាថ្មីម្ដងទៀតអំពីសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី មិនគំរាមកំហែងប្រើប្រាស់ ឬប្រើប្រាស់អាវុធ ស្របតាមគោលការណ៍ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) 1982។ ភាគីទាំងពីរបានអំពាវនាវឱ្យអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយពន្លឿនការចារចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) តាមទិសដៅជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព ស្រមតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS 1982 ផងដែរ៕