នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ សាមគ្គីភាព កិច្ចសហប្រតិបត្តិការពង្រឹងពហុភាគីនិយមដោយយកអង្គការសហប្រជាជាតិជាស្នូល
(VOVWORLD) - ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ដូច្នេះសម័យប្រជុំត្រូវបានធ្វើឡើងតាមទម្រង់គឺ មេដឹកនាំបណ្តាប្រទេសបានថតរូបភាពថ្លែងសន្ទរកថារបស់ខ្លួនជាមុនសិន ដើម្បីចាក់ផ្សាយផ្ទាល់នៅទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
នាថ្ងៃទី ២១ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃសម័យពិភាក្សាជាន់ខ្ពស់រួមនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ បានប្រព្រឹត្តទៅ “សម័យប្រជុំជាន់ខ្ពស់ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ១៣៧ រូបនិងរដ្ឋមន្រ្តីចំនួន ៣៣ ជាសមាជិកអង្គការសហប្រជាជាតិ។ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ដូច្នេះសម័យប្រជុំត្រូវបានធ្វើឡើងតាមទម្រង់គឺ មេដឹកនាំបណ្តាប្រទេសបានថតរូបភាពថ្លែងសន្ទរកថារបស់ខ្លួនជាមុនសិន ដើម្បីចាក់ផ្សាយផ្ទាល់នៅទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។
ក្នុងសន្ទរកថាដែលផ្ញើជូនដល់ពិធីអបអរសាទរ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ពីផេះនៃសង្រ្គាម ក្រោយរយៈពេល ៧៥ ឆ្នាំ ពិភពលោកមិនបានឃើញនូវសង្គ្រាមពិភពលោកថ្មីមួយទៀតឡើយ។ សន្តិភាពនិងកិច្ចសហប្រតិបត្តិការមិត្តភាពត្រូវបានពូនជ្រុំ ភាពក្រីក្រនិងជំងឺត្រូវបានរុញថយក្រោយ ជីវភាពរស់នៅរបស់មនុស្សជាតិត្រូវបានផ្លាស់ប្តូរ។ សមិទ្ធិផលដ៏អស្ចារ្យបែបនេះ មិនអាចដើររួចទេ បើគ្មានមូលដ្ឋានគ្រឹះនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយក៏មិនអាចសម្រេចបានដែរ បើគ្មានអង្គការសហប្រជាជាតិ - ជា“មជ្ឈមណ្ឌលសម្របសម្រួលសម្រាប់សកម្មភាពរួមរបស់ប្រជាជាតិនីមួយៗ”។
ឆ្លងកាត់រយៈពេលរាប់សិបឆ្នាំ តស៊ូប្រយុទ្ធដើម្បីសុច្ចធម៌គឺ “គ្មានអ្វីដែលមានតម្លៃជាងឯករាជ្យភាពនិងសេរីភាព” និងរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តន៍ដំណាក់កាលផ្លាស់ប្តូរថ្មី ដែលយកប្រជាជនជាស្នូលមក សព្វថ្ងៃនេះ វៀតណាមកំពុងមានការអភិវឌ្ឍដោយក្តីជឿជាក់ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញយ៉ាងស៊ីជម្រៅ ធ្វើសមាហរណកម្មទៅក្នុងពិភពលោក និងចូលរួមដោយមានទំនួលខុសត្រូវនៅលើវេទិកាពហុភាគីជាច្រើន ជាពិសេសអង្គការសហប្រជាជាតិ ដោយខិតខំប្រឹងប្រែងដើម្បីគោលដៅ “ប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន យុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយធម៌ ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណដល់បណ្តាប្រទេស ដែលបានជឿទុកចិត្តបោះឆ្នោតជ្រើសរើស វៀតណាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ហើយយើងខ្ញុំក៏កំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញនូវភារកិច្ចនេះ។ ទន្ទឹមជាមួយគ្នានោះ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០ វៀតណាមបានរួមជាមួយប្រទេសសមាជិកនានា ដោយខិតខំ កសាងសហគមន៍អាស៊ានមួយ ដែលមានសាមគ្គីភាព ខ្លួនទីពឹងខ្លួននិងវិបុលភាព។ ប្រជាជនវៀតណាមបានប្តេជ្ញាចិត្ត រួមសហការជាមួយប្រជាជនទាំងអស់នៅលើពិភពលោក ដើម្បីថែរក្សាសន្តិភាព និងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG 2030 ហើយទង់ជាតិវៀតណាមនឹងបក់រវិចៗ នៅឯបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅជុំវិញពិភពលោក។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែង យើងនឹងរួមគ្នា កសាងពិភពលោកប្រកបដោយសន្តិភាពនិងអនាគតភ្លឺស្វាង សម្រាប់ថ្ងៃនេះនិងថ្ងៃក្រោយជាពុំខាន”៕