នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ស្នើឱ្យជប៉ុនបន្តជួយអាស៊ានក្នុងការជំរុញការអភិវឌ្ឍប្រកបដោយសមភាព

(VOVWORLD) -នាព្រឹកថ្ងៃទី២៧ ខែតុលា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានរួមជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាន, នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio និងអគ្គលេខាធិការអាស៊ាន Lim Jock Hoi អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៤។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ស្នើឱ្យជប៉ុនបន្តជួយអាស៊ានក្នុងការជំរុញការអភិវឌ្ឍប្រកបដោយសមភាព - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៤ តាមទម្រង់អនឡាញ (រូបថត៖ Duong Giang/TTXVN) 

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Kishida Fumio បានអះអាងពីការប្តេជ្ញាចិត្តជួយគាំទ្រអាស៊ានក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍ អភិវឌ្ឍន៍អនុតំបន់ដើម្បីកំណត់ផលប៉ះពាល់បណ្តាលពីជំងឺរាតត្បាតកូវីដ ១៩ និងវិនិយោគធនធានបន្ថែមទៀតដើម្បីជួយអាស៊ានទប់ទល់បម្រែបម្រួលអាកាសធាតុ អភិវឌ្ឍន៍បៃតងនិងនិរន្តរភាព។ ពិភាក្សាអំពីស្ថានភាពក្នុងតំបន់ នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងនូវការគាំទ្រចំពោះគោលជំហររបស់អាស៊ាននៅសមុទ្រខាងកើត ហើយស្វាគមន៍ចំពោះតួនាទីរបស់អាស៊ានក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនា ការកសាងទំនុកចិត្តក្នុងតំបន់ អនុវត្តន៍យ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ការកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ជប៉ុនក៏បានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះតួនាទីរបស់អាស៊ានក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការផ្សះផ្សា និងជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយសម្រាប់ស្ថិរភាពស្ថានភាព។

ថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានលើកឡើងថា អាស៊ាននិងជប៉ុនត្រូវសហការពង្រឹងសមត្ថភាពដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គ្រោះបន្ទាន់ នាពេលខាងមុខ។ ជាមួយគ្នានោះ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការស្តារឡើងវិញ និងស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ដែលត្រូវជាប់គាំងដោយជំងឺកូវីដ១៩។  បង្កើតលក្ខខណ្ឌអំណោយ ផល និងផ្តល់ការគាំទ្រជាអតិបរមាសម្រាប់ធុរកិច្ច និងអ្នកវិនិយោគជប៉ុន ដើម្បីរក្សាស្ថិរភាពផលិតកម្ម ការធ្វើអាជីវកម្មក្នុងតំបន់និងវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យជប៉ុនបន្តគាំទ្រអាស៊ានក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍ ជំរុញការអភិវឌ្ឍប្រកបដោយសមភាព បរិយាប័ន្ន និងនិរន្តរភាពនៅក្នុងតំបន់ ដែលមិនទាន់មានការអភិវឌ្ឍ រួមទាំងអនុតំបន់មេគង្គ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការជប៉ុន-មេគង្គ។

លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើថា ជប៉ុនជួយគាំទ្រយ៉ាងសកម្មដល់បណ្តាប្រទេសអាស៊ាននិងវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍បៃតង កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល និងជួយដល់អាជីវកម្មក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាត។

នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍ចំពោះការគាំទ្ររបស់ជប៉ុនចំពោះអាស៊ានក្នុងការថែរក្សាស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត តាមរយៈការសន្ទនា និងគោរពតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ