នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងគមនាគមន៍សំខាន់ៗនៅខេត្ត Bac Ninh
(VOVWORLD) - ថ្លែងមតិក្នុងពិធីបើកការដ្ឋានសាងសង់ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ដែលជាការទម្លុះទម្លាយមួយក្នុងចំណោមការទម្លុះទម្លាយយុទ្ធសាស្ត្រទាំងបីដែលបានកំណត់ដោយបក្សកុម្មុយនិស្តវៀតណាមចាប់តាំងពីមហាសន្និបាតលើកទី១៣ មក ក្នុងបរិបទដែលខេត្ត Bac Ninh កំពុងខិតខំប្រែក្លាយជាទីក្រុង ក្រោមឱវាទមជ្ឈិម។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងគមនាគមន៍សំខាន់ៗនៅខេត្ត Bac Ninh។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ៣០ ខែកក្កដា នៅខេត្ត Bac Ninh នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវក្នុងភូមិសាស្ត្រខេត្តដោយមានប្រវែងសរុបប្រហែល ២០ គីឡូម៉ែត្រ តភ្ជាប់តំបន់ភាគឦសានខេត្ត Bac Ninh ជាមួយប្រព័ន្ធផ្លូវជាតិនៅមូលដ្ឋាន។ គម្រោងនេះមានតម្លៃសរុបប្រហែល ៦៣ លានដុល្លារអាមេរិក ដែលវិនិយោគដោយខេត្ត Bac Ninh។
ថ្លែងមតិក្នុងពិធីបើកការដ្ឋានសាងសង់ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ដែលជាការទម្លុះទម្លាយមួយក្នុងចំណោមការទម្លុះទម្លាយយុទ្ធសាស្ត្រទាំងបីដែលបានកំណត់ដោយបក្សកុម្មុយនិស្តវៀតណាមចាប់តាំងពីមហាសន្និបាតលើកទី១៣ មក ក្នុងបរិបទដែលខេត្ត Bac Ninh កំពុងខិតខំប្រែក្លាយជាទីក្រុង ក្រោមឱវាទមជ្ឈិម។ តាមលោកនាយករដ្ឋមន្ត្រី គម្រោងវិនិយោគសាងសង់ផ្លូវនេះ នឹងរួមចំណែកជួយខេត្ត Bac Ninh ដើរតួនាទីជាទីក្រុងផ្កាយរណបនៃរដ្ឋធានីហាណូយ រួមចំណែកកាត់បន្ថយស្ថានការណ៍ហួសសមត្ថភាពសម្រាប់ រដ្ឋធានី និងដោះស្រាយបញ្ហាជាច្រើនរបស់រដ្ឋធានីដូចជា៖ ចរាចរណ៍ លំនៅដ្ឋាន បរិស្ថាន... លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងអ្នកម៉ៅការត្រូវខិតខំប្រឹងប្រែងដើម្បីសម្រេចគម្រោងនៅខែធ្នូឆ្នាំក្រោយ ខិតខំសម្រេចរួចរាល់ ១ ឆ្នាំមុនផែនការដែលខេត្តបានកំណត់ ដើម្បីឆាប់បង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍនៃមូលដ្ឋាន។
នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបធ្វើការជាមួយក្រុមហ៊ុន Samsung Electronics វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា នឹងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយដែលបានសន្យាចំពោះវិនិយោគិន ដោយផ្ដោតការយកចិត្តទុកដាក់លើការកែលម្អបរិយាកាសវិនិយោគ; ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លើកកំពស់គុណភាពសេវាកម្មភស្តុភារកម្ម សម្របសម្រួលជាមួយសហគ្រាសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ... ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេសធ្វើផលិតកម្មអាជីវកម្មប្រកបដោយស្ថិរភាព និងយូរអង្វែងនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមសន្យាបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់សម្ព័ន្ធក្រុមហ៊ុន Samsung បន្តវិនិយោគ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ស្ថិរភាព យូរអង្វែង ពង្រីក និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាមជាមួយនឹងទស្សនៈ “ផលប្រយោជន៍ចុះសម្រុងគ្នា ហានិភ័យចែករំលែកគ្នា” ដោយចាត់ទុកជោគជ័យរបស់ Samsung ក៏ជាជោគជ័យរបស់ប្រទេសវៀតណាមផងដែរ៕