នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅទស្សនាមន្ទីរពេទ្យពហុព្យាបាលខេត្ត Khanh Hoa ភូមិកុមារ SOS Nha Trang
(VOVWORLD) - នាព្រឹកថ្ងៃទី ១ មេសា ក្នុងកម្មវិធីការងារនៅខេត្ត Khanh Hoa នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យពហុព្យាបាលខេត្ត Khanh Hoa។
លោកនាយករដ្ឋមន្ត្រីអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺ (រូបថត៖ VOV) |
នៅទីនេះ នាយករដ្ឋមន្ត្រីបានពិនិត្យមូលដ្ឋានសម្ភារៈនិងលើកទឹកចិត្តកម្មាភិបាល វេជ្ជបណ្ឌិត និងបុគ្គលិកមន្ទីរពេទ្យ; អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តអ្នកជំងឺដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ។ ជាពិសេស លោកនាយករដ្ឋមន្ត្រីបានចំណាយពេលវេលាជាច្រើន សួរនាំអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ អំពីការបំពេញតម្រូវការលើថ្នាំ និងផលិតផលជីវសាស្ត្រវេជ្ជសាស្ត្រ។ លោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផលសំខាន់ៗរបស់សមូហភាពវេជ្ជបណ្ឌិត បុគ្គលិកពេទ្យ នៅមន្ទីរពេទ្យពហុព្យាបាលខេត្ត Khanh Hoa; ស្នើឱ្យគណៈដឹកនាំ និងសមូហភាពវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យនៃមន្ទីរពេទ្យ បន្តយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពនៃការពិនិត្យ និងព្យាបាលអ្នកជំងឺ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទស្សនាភូមិកុមារ SOS Nha Trang (រូបថត៖ VOV) |
នាព្រឹកនេះផងដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅទស្សនាភូមិកុមារ SOS Nha Trang ជាកន្លែងមើលថែទាំ ចិញ្ចឹមបីបាច់ និងអប់រំកុមារកំព្រា។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីមានសេចក្តីសោមនស្សរីករាយដែលឃើញថា បន្ទាប់ពីរយៈពេល ២៤ ឆ្នាំនៃការបង្កើត ភូមិកុមារ SOS Nha Trang មានបរិក្ខារល្អ ផ្ទះធំទូលាយ បរិយាកាសខ្យល់អាកាសបរិសុទ្ធ សុវត្ថិភាព និងអនាម័យ។ លោកនាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួង ស្ថាប័ន និងខេត្ត Khanh Hoa មានយន្តការ និងគោលនយោបាយជាក់ស្តែង ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភូមិកុមា SOS Nha Trang បន្តអភិវឌ្ឍ ថែទាំ ចិញ្ចឹម និងបង្រៀនកុមារឱ្យកាន់តែមានការគិតគូរ បង្កើតបរិយាកាសល្អបំផុតសម្រាប់កុមារ ជាពិសេសកុមារកំព្រាដោយសារជំងឺកូវីដ ១៩ ឲ្យទទួលបានការសិក្សានិងអភិវឌ្ឍន៍៕