នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគខេត្ត Son La
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc |
នាព្រឹកថ្ងៃទី ១៧ កក្ដដា នៅទីរួមស្រុក Moc Chau ខេត្ត Son La ភាគខាងជើងវៀតណាម បានប្រព្រឹត្តិទៅសន្និសីទពន្លឿនការវិនិយោគខេត្ត Son La ឆ្នាំ ២០១៧ ដោយមានការចូលរួមរបស់សហគ្រាស វិនិយោគិនក្នុងនិងក្រៅប្រទេសចំនួនរាប់រយ។ នេះគឺជាសន្និសីទពន្លឿនការវិនិយោគធំបំផុតតាំងពីមុនមកនៃខេត្ត Son La សំដៅយោសនា ផ្សព្វផ្សាយ ឧទ្ទេសនាមបណ្ដាសក្ដានុភាព ប្រៀបខ្លាំង យន្តការគោលនយោបាយលើកទឹកចិត្តការវិនិយោគនៅខេត្ត។
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកសរសើរចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់ស្រុក Van Ho ជាស្រុកមួយក្រីក្របំផុតនៃខេត្ត Son La ប៉ុន្តែក្នុងឆ្នាំ ២០១៧ នេះ ទាក់ទាញបានគម្រោងការណ៍ចំនួន ២ ដោយមានទ្រង់ទ្រាយ ២,៣០០ ពាន់លានដុងពីសម្ព័នក្រុមហ៊ុន TH True Milk។ លោកបានស្នើឲ្យលើកសរសើរ និងជូនរង្វាន់ចំពោះសមូហភាព បុគ្គលដែលបានវិនិយោគនៅក្នុងតំបន់ដាច់ស្រយាលនេះ ។ លោកស្នើឲ្យខេត្ត Son La ជំរុញកំណែទម្រង់បែបបទរដ្ឋបាល បង្កើនរូបសណ្ឋានតភ្ជាប់ ជំរុញផលិតកម្មជាដើម៕