នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF Dalian ២០២៤) និងធ្វើការនៅប្រទេសចិន នារសៀលថ្ងៃទី ២៤ មិថុនា នៅទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang។ (រូបថត៖ VOV) |
ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួម
វៀតណាម - ចិន ស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅនិងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម - ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ; រក្សាការផ្លាស់ប្តូរ ជំនួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជាការទូត ការពារជាតិ និងសន្តិសុខ; ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ និងការផ្លាស់ប្តូរមិត្តភាពរវាងមូលដ្ឋាននិងអង្គការមហាជន; កសាងព្រំដែនគោកប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; គ្រប់គ្រងឲ្យបានល្អនូវការខ្វែងគំនិត រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ; ពង្រឹងការសម្របសម្រួលនៅវេទិកាអន្តរជាតិ និងតំបន់។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍; ឆាប់ចុះហត្ថលេខាលើពិធីសារ និងបញ្ចប់នីតិវិធីបើកទីផ្សារសម្រាប់ផ្លែទុរេនទឹកកក និងដូងស្រស់របស់វៀតណាម; បង្កើតលក្ខខណ្ឌដើម្បីបង្កើតក្នុងពេលឆាប់ៗនេះនូវការិយាល័យជំរុញពាណិជ្ជកម្មវៀតណាមនៅ Chengdu (ខេត្ត Sichuan), Haikou (ខេត្ត Hainan) និង Nanjing (ខេត្ត Jiangsu); ស្រាវជ្រាវ និងជំរុញការកសាងច្រកទ្វារព្រំដែនឆ្លាតវៃ ជាដើម។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានអះអាងថា ចិនត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ជំរុញការអភិវឌ្ឍទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន; នឹងបើកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញវៀតណាម ជាពិសេសកសិផល ជលផល និងផ្លែឈើគុណភាពខ្ពស់របស់វៀតណាម ដើម្បីទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្តរីកចម្រើនប្រកបដោយនិរន្តរភាព និងសម្រេចបានលទ្ធផលថ្មី; ស្នើឱ្យភាគីទាំងពីរបង្កើនការតភ្ជាប់យុទ្ធសាស្ត្រ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងគមនាគមន៍; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុងវិស័យផលិតកម្ម កែច្នៃ កសិកម្ម សហប្រតិបត្តិការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ផលិតកម្ម; បណ្តុះបណ្តាលវិជ្ជាជីវៈ; ពង្រីកកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងរូបិយវត្ថុ; នាំកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាព ជាក់ស្តែង សក្តិសមនឹងកម្រិតថ្មីនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពអះអាងនូវសារៈសំខាន់នៃការគ្រប់គ្រងឱ្យបានសមហេតុផលនូវការខ្វែងគំនិតគ្នា ការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួមជាន់ខ្ពស់ និង “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហានៅសមុទ្ររវាងវៀតណាមនិងចិន”; គោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក; លើកកំពស់ប្រសិទ្ធភាពនៃយន្តការចរចាអំពីបញ្ហាដែនសមុទ្រ; ដោះស្រាយបញ្ហាទូកនេសាទឱ្យបានសមហេតុផល; គ្រប់គ្រងស្ថានការណ៍នៅសមុទ្របានល្អ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងនូវគោលជំហរចំពោះគោលនយោបាយ "ចិនតែមួយ" ព្រមទាំងគាំទ្រប្រទេសចិនក្នុងការលើកកំពស់តួនាទីកាន់តែសំខាន់ និងសកម្មរបស់ខ្លួននៅក្នុងតំបន់ និងពិភពលោកផងដែរ៕