នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ វៀតណាមគោរពនិងផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងពិសេសវៀតណាម-ឡាវ
(VOVWORLD) - ក្នុងជំនួបពិភាក្សា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលគោរព និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Sonexay Siphandone (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី៦ ខែមករា នៅវិមានប្រធានរដ្ឋ ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Sonexay Siphandone និងលោកជំទាវភរិយា អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ៧ ខែមករា។
ក្នុងជំនួបពិភាក្សា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលគោរព និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់; បន្តផ្តោតសំខាន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីរវៀតណាម-ឡាវ; លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ការគ្រប់គ្រង ការពារព្រំដែន និងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ បន្តសម្របសម្រួល និងជួយសម្រួលដល់ការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលបានពលីជីវិតនៅឡាវ។
ភាគីទាំងពីរបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងមូលដ្ឋាននៃប្រទេសទាំងពីរ; ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរវៀតណាម-ឡាវ ជាពិសេសគឺអំពីស្ថាប័ន ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ និងទេសចរណ៍។ បន្តជំរុញគម្រោងផ្លូវល្បឿនលឿនវៀងច័ន្ទ - ហាណូយ ផ្លូវរថភ្លើងវៀងច័ន្ទ - Vung Ang (Ha Tinh) និងគម្រោងសហប្រតិបត្តិការសំខាន់ៗផ្សេងទៀត; គាំទ្រគ្នាទៅវិញទៅមកដើម្បីកសាងសេដ្ឋកិច្ចឯករាជ្យនិងស្វ័យភាព; ពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីរវាងវៀតណាម - ឡាវ និងដៃគូអភិវឌ្ឍន៍; បង្កើតបរិយាកាសវិនិយោគ និងធុរកិច្ចល្អប្រសើរសម្រាប់ធុរកិច្ចវៀតណាមនៅឡាវ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល វប្បធម៌ សិល្បៈ និងកីឡា ផ្សព្វផ្សាយនិងអប់រំអំពីប្រពៃណីនៃទំនាក់ទំនងពិសេសវៀតណាមនិងឡាវសម្រាប់គ្រប់ស្រទាប់ប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone បានជួបពិភាក្សាការងារ។ រូបថត៖ VGP/Nhat Bac |
នាយករដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ រួមទាំងរក្សាសាមគ្គីភាព គោលជំហររួម និងមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើបញ្ហាសន្តិសុខ និងយុទ្ធសាស្ត្រក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើត; ឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ ជាពិសេសបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម-ឡាវ-កម្ពុជា។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចជួយឡាវដើម្បីទទួលជោគជ័យនូវការទទួលខុសត្រូវអន្តរជាតិក្នុងឆ្នាំ ២០២៤ រួមទាំងតួនាទីជាប្រធានអាស៊ាន។
បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៤ ផងដែរ៕