នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin

(VOVWORLD) - នារសៀលថ្ងៃទី ២០ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ចើញជួបសន្ទនាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានាធិបតីរុស្ស៊ីលោក V.Putin ។ រូបថត៖ VOV

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យក្លាយទៅជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានាធិបតីរុស្ស៊ីលោក V.Putin បានឯកភាពគ្នាលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ; ឯកភាពគ្នា និងអនុវត្តន៍ផែនការមេអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ីដល់ឆ្នាំ ២០៣០ និងបញ្ជីភារកិច្ចអាទិភាពសម្រាប់វៀតណាម - រុស្ស៊ី ដំណាក់កាល ២០២៤-២០២៥; ពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងឥណទានឲ្យស្របតាមច្បាប់អន្តរជាតិ និងបទប្បញ្ញត្តិច្បាប់នៃប្រទេសទាំងពីរ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវទាញយកគុណសម្បត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប ព្រមទាំងស្នើឱ្យភាគីរុស្ស៊ីបន្តលុបបំបាត់របាំងពាណិជ្ជកម្ម ដើម្បីសម្រួលដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសគឺការនាំចេញ ទំនិញប្រើប្រាស់ និងកសិផល ជលផលរបស់វៀតណាមទៅកាន់ទីផ្សាររុស្ស៊ី បង្កើនកូតាសម្រាប់ការនាំចេញអង្កររបស់វៀតណាម។ ទាក់ទិននឹងការវិនិយោគ ប្រធានាធិបតី លោក Putin បានគាំទ្រចំពោះសំណើរបស់ភាគីវៀតណាមក្នុងការអនុវត្តគម្រោងសាងសង់សំខាន់ៗអំពីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវដែក រថភ្លើងខាងក្នុងទីក្រុង រថភ្លើងក្រោមដី ថាមពលកកើតឡើងវិញនៅវៀតណាម ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរពង្រីក ជំរុញខ្លាំងការវិនិយោគប្រកបដោយប្រសិទ្ធភាព នៅទឹកដីរបស់គ្នាទៅវិញទៅមក។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា៖ ប្រេងឧស្ម័ន - ថាមពល វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ព័ត៌មាន - វប្បធម៌ កីឡា ទេសចរណ៍ ការងារជាដើម។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ