នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone
(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី៤ នៅទីក្រុង វៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ៥ មេសា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពលើកិច្ចខិតខំប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-ឡាវ ដំណាក់កាល ២០២១-២០៣០ កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ ២០២១-២០២៣ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងផែនការដែលបានចុះហត្ថលេខា។ ភាគីទាំងពីរក៏បានឯកភាពបន្តលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; គាំទ្រគ្នាទៅវិញទៅមកដើម្បីស្តារឡើងវិញក្រោយជំងឺរាតត្បាត; បង្កើនការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាងសេដ្ឋកិច្ចទាំងពីរ។
ធ្វើការពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ បង្កើនការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) យន្តការសហប្រតិបត្តិការក្នុងអនុតំបន់; រួមជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ខិតខំរក្សាសាមគ្គីភាព និងតួនាទីកណ្តាលរបស់អាស៊ាន ព្រមទាំងសម្របសម្រួលរក្សាគោលជំហររួមរបស់អាស៊ានលើបញ្ហាយុទ្ធសាស្ត្រ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រប្រទេសឡាវដើម្បីទទួលជោគជ័យនូវការទទួលខុសត្រូវអន្តរជាតិនាពេលខាងមុខ ក្នុងនោះមានតួនាទីជាប្រធានអាស៊ាន និងក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) ក្នុងឆ្នាំ ២០២៤៕