នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌា

(VOVWORLD) - នារសៀលថ្ងៃទី ៣១ ខែកក្កដា នៅរដ្ឋធានី New Delhi ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar។ 

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេស S. Jaishankar បានអះអាងថា រដ្ឋាភិបាលឥណ្ឌាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវកម្លាំងចលករយ៉ាងខ្លាំងដល់ទំនាក់ទំនងវៀតណាម-ឥណ្ឌា នាពេលខាងមុខ; ដោយអះអាងថានឹងខិតខំប្រឹងប្រែងសហការជាមួយក្រសួងការបរទេសវៀតណាម ដើម្បីជំរុញទំនាក់ទំនងវៀតណាម-ឥណ្ឌានាពេលខាងមុខ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌា - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar។ រូបថត៖ dangcongsan.vn

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh សង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឈានចូលយុគសម័យថ្មីនៃទំនុកចិត្ត ការយល់ដឹងកាន់តែស៊ីជម្រៅ ប្រសិទ្ធភាពកាន់តែខ្ពស់ បំពេញតាមសេចក្តីប្រាថ្នារបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក៏មានបំណងចង់ពិភាក្សាជាមួយភាគីឥណ្ឌា អំពីកត្តាស្នូលនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមទាំងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ ការជួបប្រាស្រ័យនៅថ្នាក់មូលដ្ឋាន និងការជួបប្រាស្រ័យប្រជាជន; ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗ; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដូចជា បរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល នវានុវត្តន៍ បន្ទះឈីប semiconductor បញ្ញាសិប្បនិមិត្ត។  នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងការបរទេសទាំងពីរយកចិត្តទុកដាក់លើការសម្របសម្រួលជាមួយក្រសួង វិស័យពាក់ព័ន្ធក្នុងការត្រួតពិនិត្យ និងអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់។

ភាគីទាំងពីរក៏បានឯកភាព បន្តកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់និងអន្តរជាតិ ព្រមទាំងបានឯកភាពគាំទ្រគោលជំហររបស់អាស៊ាន នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ