នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំសាជីវកម្ម និងអាជីវកម្មធំៗមួយចំនួន
(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែមករា (ម៉ោងក្នុងតំបន់)) នៅទីក្រុង Davos ប្រទេសស្វីស ក្នុងឱកាសចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) Davos ២០២៤ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយថ្នាក់ដឹកនាំសាជីវកម្ម និងសហគ្រាសធំៗជាច្រើនក្នុងគោលបំណងជំរុញការវិនិយោគនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោក Marcus Bard ប្រធាន staBOO Group (រូបថត៖ Duong Giang-TTXVN) |
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុន staBOO Holdings AG ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BARD AG ដែលមានឯកទេសក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតផលិតផលគ្រឿងសង្ហារឹមខ្ពស់; នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឲ្យដឹងថា វៀតណាមកំពុងផ្តល់អាទិភាពដល់គម្រោងដែលមានបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត ការគ្រប់គ្រងទំនើប តម្លៃបន្ថែមខ្ពស់ មានឥទ្ធិពលលេចធ្លាយ មានការភ្ជាប់ផលិតកម្មសកល និងសង្វាក់ផ្គត់ផ្គង់; ស្នើឲ្យ staBOO Holdings AG គោរពតាមបទប្បញ្ញត្តិអំពីបរិស្ថាន; បណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្មករក្នុងតំបន់ និងជួយអាជីវកម្មវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។ ជាពិសេស ការផលិតត្រូវតែផ្សារភ្ជាប់ជាមួយនឹងការកសាងតំបន់វត្ថុធាតុដើមដែលមាននិរន្តរភាពយូរអង្វែង។
រីឯខ្លួនវិញ លោក Marcus Bards ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន staBOO Holdings AG មានបំណងចង់វិនិយោគរយៈពេលវែងនៅវៀតណាម ហើយនឹងប្រើប្រាស់បច្ចេកវិជ្ជាទំនើប កាត់បន្ថយការបំភាយកាបូន និងបំពេញតម្រូវការអភិវឌ្ឍន៍បៃតងប្រកបដោយចីរភាពនៅវៀតណាម ក៏ដូចជា នាំផលិតផលឫស្សីរបស់វៀតណាមទៅកាន់ពិភពលោក។
ទទួលជួបជាមួយថ្នាក់ដឹកនាំសាជីវកម្ម Skandinaviska Enskilda Banken Group (SEB - ស៊ុយអែត) ដែលប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងធនាគារ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍ SEB រៀបចំសន្និសីទធុរកិច្ច Nordic នៅទីក្រុងហាណូយ; ស្នើឱ្យ SEB សម្របសម្រួលជាមួយក្រសួងផែនការ និងវិនិយោគ ដើម្បីរៀបចំសន្និសិទជំរុញការវិនិយោគក្នុងឱកាសនៃសន្និសីទនេះ ដើម្បីតភ្ជាប់ធុរកិច្ចវៀតណាមជាមួយបណ្តាប្រទេស Nordic ជាពិសេសក្នុងវិស័យផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថលនិងអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ...។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើទៅ SEB ចូលរួមក្នុងទីផ្សារហិរញ្ញវត្ថុ ដំណើរការបង្កើតគោលនយោបាយ និងការវិនិយោគក្នុងទីផ្សារហិរញ្ញវត្ថុរបស់វៀតណាម; យកចិត្តទុកដាក់ និងស្រាវជ្រាវលទ្ធភាពវិនិយោគ និងរៀបចំរចនាសម្ព័ន្ធធនាគារទន់ខ្សោយនៅវៀតណាមឡើងវិញ។