នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប (EC)
(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ុប (EC) និងជាស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovski ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបអនុប្រធានគណៈកម្មការអឺរ៉ុប (EC) និងជាស្នងការពាណិជ្ជកម្ម Valdis Dombrovski (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលតែងតែចាត់ទុក EU ជាដៃគូដ៏គួរឱ្យទុកចិត្តនិងសំខាន់បំផុត ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ EU នឹងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព និងគាំទ្រវៀតណាមពង្រឹងសមត្ថភាពប្រតិបត្តិកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA); បន្តបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ទំនិញវៀតណាមចូលទីផ្សារ EU ជាពិសេសផលិតផលកសិកម្ម និងជលផល ក្នុងនោះ EU គាំទ្រទំនិញវៀតណាមដែលបំពេញតាមស្តង់ដារខ្ពស់របស់ EU ដោយខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិង EU ឈានដល់គោលដៅ ១០០ ពាន់លានដុល្លារក្នុងពេលឆាប់ៗខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ EC ឆាប់ដកចេញ "កាតលឿង" ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការត្រួតពិនិត្យ (IUU) បង្កើតលក្ខខណ្ឌសម្រាប់ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវារីវប្បកម្ម អភិវឌ្ឍន៍មុខរបរជលផលប្រកបដោយនិរន្តរភាព ស្របតាមផលប្រយោជន៍នៃជីវភាពរស់នៅរបស់អ្នកនេសាទវៀតណាម។
អនុប្រធាន EC និងជាស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovski បានវាយតម្លៃថា វៀតណាមកំពុងក្លាយជាមជ្ឈមណ្ឌលទាក់ទាញការវិនិយោគបរទេស។ លោកបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់របស់ EU ក៏ដូចជាប្រទេសជាសមាជិក ហើយអះអាងថា នឹងបន្តជំរុញទំនាក់ទំនងរវាង EU និងវៀតណាមលើគ្រប់វិស័យ ក្នុងនោះមានខ្លឹមសារដែលត្រូវបានលោកនាយករដ្ឋមន្ត្រីលើកឡើងផងដែរ៕