នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Thai Nguyen

(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែកក្កដា នៅខេត្ត Thai Nguyen នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចុះពិនិត្យ ធ្វើការ និងពិភាក្សាអំពីការងារដោះស្រាយបញ្ហាជាប់ជំពាក់ជំពិននានានៅគម្រោងពង្រីកផលិតកម្មដំណាក់កាលទី ២ នៃរោងចក្រដែកថែប Thai Nguyen។

គម្រោងពង្រីកដំណាក់កាលទី ២ នៃរោងចក្រដែកថែប Thai Nguyen បានចាប់ផ្តើមនៅឆ្នាំ ២០០៧ ដោយមានទុនវិនិយោគបឋមសរុប ៣៨០០ ពាន់លានដុង ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់សម្រេចរួចរាល់នៅឡើយទេ។ បន្ទាប់ពីដំណើរត្រួតពិនិត្យ លោកនាយករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ច ដើម្បីស្តាប់របាយការណ៍ យោបល់ និងសំណើរបស់ភាគីពាក់ព័ន្ធ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់បំផុតគឺត្រូវ ស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបានបំផុតសម្រាប់គម្រោងដើម្បីរាយការណ៍ជូនថ្នាក់មានសមត្ថកិច្ច ដើម្បីពិនិត្យ និងសម្រេច បន្ទាប់ពីមានការពិចារណា ពិភាក្សា និងវិភាគយ៉ាងយកចិត្តទុកដាក់ដោយលើមូលដ្ឋាននៃការអនុវត្តជាក់ស្ដែង មូលដ្ឋានវិទ្យាសាស្ត្រនិងគតិយុត្ត សំដៅធានាការសន្សំសម្ចៃការចំណាយឲ្យបានច្រើនបំផុត ហើយមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់បំផុតសម្រាប់រដ្ឋនិងសហគ្រាស។

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Thai Nguyen - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងក្រុមការងារមកអុជធូប ដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី។ (រូបថត៖ VOV)

មុននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងក្រុមការងារបានអញ្ជើញមកអុជធូប ដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិយុទ្ធជនពលី ៦០នាក់នៃកងអនុសេនាធំយុវជនស្ម័គ្រចិត្តលេខ៩១៥ នៅសង្កាត់ Gia Sang ទីក្រុង Thai Nguyen។

គួរជម្រាបបន្ថែមថា នៅយប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ១៩៧២ នៅពេលបំពេញភារកិច្ចរុះរើទំនិញយោធាសម្រាប់ដឹកជញ្ជូនដល់សមរភូមិភាគខាងត្បូង ក្រុមយុវជនស្ម័គ្រចិត្តទាំង ៦០ នាក់នៃកងអនុសេនាធំលេខ៩១៥ បានពលីជីវិតក្នុងជន្មាយុតែ១៨ដល់២០ឆ្នាំប៉ុណ្ណោះ ហើយបានក្លាយទៅជាគំរូដ៏ភ្លឺស្វាងនៃលទ្ធិវីរភាពបដិវត្តន៍ ព្រមទាំងក្លាយជាបទចម្រៀងវីរភាពដ៏អមតៈរបស់ប្រជាជាតិវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ