នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo
(VOVWORLD) - នារសៀលថ្ងៃទី២៣ ខែមីនា នៅវិមានប្រធានាធិបតីនៅ Bogor រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានា ធិបតីឥណ្ឌូនេស៊ីលោក Joko Widodo។
ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VGP) |
នៅក្នុងជំនួបនេះ លោកប្រធានាធិបតី Joko Widodo បានបញ្ជាក់ថា ឥណ្ឌូនេស៊ីយកចិត្តទុកដាក់ពិសេសហើយមានបំណងចង់អភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមឡើងកំពស់ថ្មី។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខត្រូវការបង្កើនការផ្លាស់ប្ដូរជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ក្រោមរូបភាពជាច្រើន; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺកម្មវិធីសកម្មភាពដំណាក់កាល២០១៩- ២០២៣ ហើយជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងចក្ខុវិស័យសហប្រតិបត្តការផ្នែកការពារជាតិដំណាក់កាល២០១៨-២០២២ផងដែរ។
ភាគីទាំងពីរបានសន្យាបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ជំរុញយ៉ាងខ្លាំងនូវការដោះដូរពាណិជ្ជកម្ម បើកជើងហោះហើរឡើងវិញនៅពេលវេលាដ៏សមស្រប; ខិតខំប្រឹងប្រែងនំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់កម្រិត១០ពាន់លានដុល្លាអាមេរិកយ៉ាងឆាប់ៗ ឆ្ពោះទៅរកការស្ដារឡើងវិញនិងការអភិវឌ្ឍប្រកបដោយចីរភាពក្រោយជម្ងឺរាតត្បាត ព្រមទាំងដោះស្រាយបញ្ហាដែលកើតឡើងដោយឈរលើស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមក។
ភាគីទាំងពីរបានបញ្ជាក់ផងដែរថា នឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅបណ្ដាវេទិកាតំបន់និងអន្តរជាតិ ជាពិសេសគឺនៅអាស៊ាន APEC និងអង្គការសហប្រជាជាតិ; រួមជាមួយប្រទេសអាស៊ានផ្សេងៗទៀត ខិតខំពង្រឹងចំណងសាមគ្គីភាពនិងពង្រីកតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងបញ្ហាយុទ្ធសាស្ត្រនានាក្នុងតំបន់ដោយឥតឈប់ឈរ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត; សហការយ៉ាងស្អិតរមួតក្នុងការអនុវត្ត DOC និងការចរចាដើម្បីសម្រេចឲ្យបានឆាប់ៗនូវ COC ដោយមានសុពលភាព ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ផងដែរ៕