បើកឆ្នាំទេសចរណ៍ជាតិ ២០២២ Quang Nam - គោលដៅទេសចរណ៍បៃតង
(VOVWORLD) - ព្រឹត្តិការណ៍ទេសចរណ៍ពេញមួយឆ្នាំនឹងជាឱកាសដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ខិតខំប្រឹងប្រែងសម្រេចបាននូវគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើ “ពាក្យគន្លឹះ” នៃវិស័យទេសចរណ៍វៀតណាមក្នុងឆ្នាំ ២០២២ និងរយៈពេលខាងមុខគឺ៖ “សន្តិភាព” “កិច្ចសហប្រតិបត្តិការ” “ការអភិវឌ្ឍ” “បៃតង” “សុវត្ថិភាព” “មិត្តភាព” “ឌីជីថល” និង "ទំនាក់ទំនងមិត្តភាព" (រូបថត៖ VOV) |
នាយប់ថ្ងៃទី ២៦ មិនា ឆ្នាំទេសចរណ៍ជាតិ ២០២២ Quang Nam - គោលដៅទេសចរណ៍បៃតងបានបើកនៅកោះអនុស្សាវរីយ៍ Hoi An ខេត្ត Quang Nam។ ពិធីបើកឆ្នាំទេសចរណ៍ជាតិ ២០២២ គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយ ដោយកត់សម្គាល់ការបើកឡើងវិញនូវសកម្មភាពទេសចរណ៍របស់វៀតណាម និងជាព្រឹត្តិការណ៍សំខាន់នៃកម្មវិធីឆ្នាំទេសចរណ៍ជាតិ ២០២២។ ព្រឹត្តិការណ៍ទេសចរណ៍ពេញមួយឆ្នាំនឹងជាឱកាសដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ខិតខំប្រឹងប្រែងសម្រេចបាននូវគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។
អញ្ជើញថ្លែងមតិក្នុងពិធីបើក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកូវីដ-១៩ បានផ្លាស់ប្តូររចនាសម្ព័ន្ធសង្គមនិងទម្លាប់របស់ប្រជាជន ប៉ុន្តែក៏បានបង្កើតនិន្នាការថ្មីក្នុងវិស័យទេសចរណ៍ផងដែរ។ វៀតណាមតែងតែប្រកាន់ខ្ជាប់នូវតម្លៃនិរន្តរភាព ដែលប៉ុន្មានឆ្នាំមកនេះ ប្រទេសជាតិនិងវិស័យទេសចរណ៍វៀតណាមបានបង្កើតឡើងក្នុងអារម្មណ៍របស់ភ្ញៀវទេសចរអន្តរជាតិ។ នោះគឺជាសារសន្តិភាព “វៀតណាម - ប្រទេសមានសុវត្ថភាព” រូបភាព “វៀតណាមជាគោលដៅប្រកបដោយសុវត្ថិភាព មិត្តភាព ភាពទាក់ទាញ” ដែលជាទិសដៅមកដល់ប្រកបដោយ “ភាពស្រស់ស្អាតគ្មានទីបញ្ចប់”។ ម៉្យាងវិញទៀត វិស័យទេសចរណ៍ត្រូវមានភាពសកម្ម ច្នៃប្រឌិត និងឆ្លើយតបដោយភាពបត់បែន ដើម្បីបន្តអភិវឌ្ឍន៍វិស័យ ទេសចរណ៍ ត្រៀមស្វាគមន៍ការវិលត្រឡប់មកវិញរបស់ភ្ញៀវទេសចរនៅឆ្នាំ ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត។
លោកនាយករដ្ឋមន្ត្រីបានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ធុរកិច្ច និងប្រជាពលរដ្ឋម្នាក់ៗ រួមដៃគ្នាបង្កើតបរិយាកាសបៃតងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់វិស័យទេសចរណ៍។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ចាំបាច់ត្រូវមានភាពសកម្ម ភាពបត់បែននិងជំរុញការបើកទីផ្សារទេសចរណ៍អន្តរជាតិបន្ថែមទៀត ដោយមានការសម្របសម្រួលប្រកបដោយសុវត្ថិភាពនិងភាពបត់បែនក្នុងបរិបទនៃប្រក្រតីភាពថ្មី។
សូមគូសបញ្ជាក់ថា ក្រោយរយៈពេលរៀបចំឡើងបានចំនួន ១៩ លើកមក ខេត្ត Quang Nam ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះសម្រាប់ឆ្នាំទេសចរណ៍ជាតិចំនួនពីរលើក (ឆ្នាំ ២០០៦និងឆ្នាំ២០២២)។ ប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យទេសចរណ៍ Quang Nam បានក្លាយទៅជាទីតាំងដ៏ភ្លឺស្វាងក្នុងការអភិវឌ្ឍទេសចរណ៍នៅតំបន់ភាគកណ្តាលនិងទូទាំងប្រទេស និងជាកន្លែងដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិនិយមចូលចិត្ត។ ទេសចរណ៍ Quang Nam បានទទួលពានរង្វាន់រាប់រយ ដោយអង្គការនិងទស្សនាវដ្តីដ៏ល្បីល្បាញបោះឆ្នោតជ្រើសរើសផងដែរ៕