បើកដំណើរការឡើងវិញសកម្មភាពទេសចរណ៍ក្នុងលក្ខខណ្ឌធម្មតាថ្មី ចាប់ពីថ្ងៃទី ១៥ ខែមីនា
(VOVWORLD) - នាថ្ងៃទី ១៦ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានឯកភាពជាមួយសំណើរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរ ណ៍ ស្តីពីការបើកដំណើរការសកម្មភាពទេសចរណ៍ឡើងវិញ ក្រោមលក្ខខណ្ឌធម្មតាថ្មី ចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២។
លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលបន្ទុកជាចម្បង និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយឯកភាពលើខ្លឹមសារ និងបទប្បញ្ញត្តិស្តីពីការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដោយមានការណែនាំលម្អិតសម្រាប់អង្គភាព និងមូលដ្ឋាន ដើម្បីរៀបចំការអនុវត្តយ៉ាងសកម្ម។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នឹងជួបពិភាក្សាជាក់ស្តែងជាមួយក្រសួងសុខាភិបាល ក្រសួងការបរទេស និងក្រសួង វិស័យពាក់ព័ន្ធ ដើម្បីរាយការណ៍ជាបន្ទាន់ជូនរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី អំពីគោលនយោបាយអនុវត្តទិដ្ឋាការសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកប្រទេសវៀតណាម។
ភ្ញៀវទេសចរណ៍អន្តរជាតិពេលមកប្រទេសវៀតណាម មិនចាំបាច់ចុះឈ្មោះតាមទួរទេសចរណ៍ ដូចក្នុងដំណាក់កាលសាកល្បងនោះទេ គឺគ្រាន់តែត្រូវបំពេញតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាលទាំងស្រុង ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩; ទទួលបានលទ្ធផលតេស្តអវិជ្ជមានមុនពេលឡើងយន្តហោះ (ក្នុងរយៈពេល ២៤ ម៉ោងសម្រាប់វិធីសាស្ត្រធ្វើតេស្តរហ័ស និងរយៈពេល ៧២ ម៉ោងសម្រាប់វិធីសាស្ត្រ RT-PCR)។ ក្រសួង ស្ថាប័ននានាក៏បានឯកភាពជាមួយសំណើរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ចំពោះការដែល ភ្ញៀវអន្តរជាតិដែលចូលមកប្រទេសវៀតណាមត្រូវបង់ថ្លៃធានារ៉ាប់រងដើម្បីទទួលផលធានារ៉ាប់រងចំនួន ១០.០០០ ដុល្លារ (ជាមធ្យមប្រហែល ៣០ ដុល្លារ/ម្នាក់) ក្នុងករណីត្រូវព្យាបាលជំងឺកូវីដ-១៩ នៅវៀតណាម៕