បើកពិធីបុណ្យផ្កាជើងគោឆ្នាំ ២០២២
(VOVWORLD) - នាយប់ថ្ងៃទី ១៣ ខែមីនា នៅទីលាន ៧ ឧសភា (ទីក្រុង Dien Bien Phu) ពិធីបុណ្យ ផ្កាជើងគោ ឆ្នាំ ២០២២ ត្រូវបានប្រព្រឹត្តទៅដោយកម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “ផ្កាជើងគោបញ្ចេញសម្រស់ពាសពេញតំបន់”។
កម្មវិធីសិល្បៈ“ផ្កាជើងគោបញ្ចេញសម្រស់ពាសពេញតំបន់” ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពីសិល្បករនិងសិល្បការិនីអាជីពនិងមិនអាជីពជាង ២០០ នាក់ (រូបថត៖ VOV) |
ថ្លែងមតិក្នុងពិធីបើក លេខាគណៈកម្មាធិការបក្សខេត្ត Dien Bien លោក Nguyen Van Thang បានឲ្យដឹងថា ចាប់ពីឆ្នាំ ២០១៤ មក ពិធីបុណ្យផ្កាជើងគោ ត្រូវបានខេត្ត Dien Bien រៀបចំនៅពាក់កណ្តាលខែមីនាជារៀងរាល់ឆ្នាំ។ មកទល់នឹងពេលនេះ ពិធីបុណ្យផ្កាជើងគោ បានក្លាយជាម៉ាកសញ្ញាវប្បធម៌និងទេសចរណ៍ប្រចាំខេត្ត ដែលទទួលបានការនិយមចូលចិត្តពីសំណាក់ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើននៅទូទាំងប្រទេស។ ផ្កាជើងគោ ដែលជាផ្កានិមិត្តរូបដ៏វិសេសវិសាលនៃតំបន់ភ្នំភាគពាយ័ព្យមិនត្រឹមតែស្ថិតនៅត្រង់បង្អួតសម្រស់ឆើយឆាយប៉ុណ្ណោះទេ ពិធីបុណ្យផ្កាជើងគោ ក៏ជាឱកាសមួយដើម្បីលើកតម្កើង និងអភិរក្សតម្លៃប្រពៃណីដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិភាគតិចចំនួន ១៩ ក្នុងខេត្ត Dien Bien; ផ្សព្វផ្សាយសម្រស់ធម្មជាតិ វប្បធម៌ និងសក្ដានុពលទេសចរណ៍របស់ទីក្រុង Dien Bien និយាយដោយឡែកនិងតំបន់ភាគពាយ័ព្យ និយាយរួម ទៅកាន់ប្រជាជន ភ្ញៀវទេសចរក្នុងប្រទេសនិងមិត្តភក្តិអន្តរជាតិ។
“ពិធីបុណ្យនេះក៏ជាឱកាសមួយសម្រាប់ទីក្រុង Dien Bien ក្នុងការពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរជាមួយខេត្ត ក្រុង និងសហគមន៍ធុរកិច្ច ដើម្បីសហប្រតិបត្តិការ ធ្វើអាជីវកម្មទេសចរណ៍ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ការរីកសាយភាយនៃពិធីបុណ្យក៏រួមចំណែកដល់ការសម្រេចបានជោគជ័យនូវគោលដៅប្រែក្លាយទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ បង្កើតកម្លាំងចលករសម្រាប់កំណើន កសាងនិងអភិវឌ្ឍន៍វប្បធម៌និងមនុស្សវៀតណាម ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Van Thang។
កម្មវិធីសិល្បៈមានរយៈពេល ៩០ នាទី គឺការប្រគុំតន្ត្រីអំពីទឹកដីនិងប្រជាជននៃទីក្រុង Dien Bien ជាមួយនឹងកន្លែងវប្បធម៌ចម្រុះពណ៌ បង្ហាញយ៉ាងច្បាស់នូវភាពស្រស់ស្អាតនៃរឿងព្រេងនិទាន និងប្រវត្តិសាស្ត្ររហូតមកដល់បច្ចុប្បន្ន អនាគតនៃ ទឹកដីផ្កាជើងគោ- Dien Bien៕