បើកវេទិកាយុវជនវៀតណាម - សហព័ន្ធរុស្ស៊ីឆ្នាំ ២០១៩
(VOVWORLD) - ពិធីបើកវេទិកាយុវជនវៀតណាម - សហ ព័ន្ធរុស្ស៊ី ឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុងហាណូយ (នៃប្រទេសវៀតណាម)។ ព្រឹត្តិ ការណ៍នេះ រៀបចំឡើងដោយគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងគណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាម រួមសហការជាមួយភ្នាក់ងារសហព័ន្ធរុស្ស៊ីទទួលបន្ទុកកិច្ចការយុវជន។
លោក Le Quoc Phong និងលោក Alexander Bugaev បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាមនិងភ្នាក់ងារសហព័ន្ធរុស្ស៊ីទទួលបន្ទុកកិច្ចការយុវជន |
វេទិកានេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ទី ២៩ ខែកក្កដានៅទីក្រុងហាណូយ, ទីក្រុងហូជីមិញនិងខេត្ត Quang Ninh (នៃប្រទេសវៀតណាម) ដើម្បីអបអរសាទរនូវព្រឹត្តិការណ៍ឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាម រួមទាំងអបអរសាទរខួបលើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពវៀតណាម-រុស្ស៊ី។ ជាមួយគ្នានេះ វេទិកាយុវជនវៀតណាម-សហព័ន្ធរុស្ស៊ី ត្រូវបានប្រព្រឹត្តទៅជាមួយនឹងវេទិកាយុវជនសហព័ន្ធរុស្ស៊ី-វៀតណាម ដែលនឹងបានប្រព្រឹត្តទៅពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា នៅទីក្រុងម៉ូស្គូនិង Saint Peterburg (នៃសហព័ន្ធរុស្ស៊ី) ផងដែរ។
អញ្ជើញថ្លែងក្នុងពិធីបើក លោក Le Quoc Phong លេខាទីមួយ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជននិងជាប្រធានគណៈកម្មាធិការជាតិ ទទួលបន្ទុកយុវជនវៀត ណាមបានអះអាងថា វេទិកានេះគឺជាឱកាសដ៏ល្អសម្រាប់ភ្នាក់ងារទទួលបន្ទុកយុវជននិងយុវជននៃប្រទេសទាំងពីរ ធ្វើការផ្លាស់ប្តូរព័ត៌មាននិងចែករំលែកបទពិសោធន៍លើការងារយុវជននៃប្រទេសនីមួយៗ ជាពិសេសក្នុងវិស័យយុវជនស្ម័គ្រចិត្ត ការចូលរួម កសាងជនបទថ្មីនិងការចាប់ផ្តើមអាជីវកម្ម។ លោក Le Quoc Phong មានប្រ សាសន៍ថា៖ “ជាមួយនឹងការអភិវឌ្ឍយ៉ាងល្អប្រសើរនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងមិត្ត ភាពរវាងប្រទេសទាំងពីរ យើងខ្ញុំមានបំណងនិងស្នើថា តំណាងយុវជននៃប្រទេសទាំងពីរ វៀតណាមនិងសហព័ន្ធរុស្ស៊ី នឹងក្លាយទៅជាឯកអគ្គរដ្ឋទូតវ័យក្មេង ហើយតាមរយៈសកម្មភាពជាក់ស្តែង ដើម្បីតភ្ជាប់ស្ពានមិត្តភាព និងរួមចំណែកជាវិជ្ជមានដោយមានទំនួលខុសត្រូវក្នុងការអភិវឌ្ឍទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងយុវជននិងប្រជាជននៃប្រទេសទាំងពីរ វៀតណាម -សហព័ន្ធរុស្ស៊ី ផងដែរ”។
វេទិកាយុវជនវៀតណាម - សហព័ន្ធរុស្សីត្រូវបានរៀបចំឡើងដើម្បីរួមចំណែក បង្កើនការអប់រំប្រពៃណី មិត្តភាពវៀតណាម-រុស្ស៊ីសម្រាប់យុវជននៃប្រទេសទាំងពីរ ជាពិសេស លើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។ ទន្ទឹមជាមួយគ្នានោះ នេះក៏ជាឱកាស ដើម្បីជំរុញការផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីទឹកដី មនុស្ស ក៏ដូចជាសមិទ្ធផលអភិវឌ្ឍន៍របស់វៀតណាម ក្រោយរយៈពេល ៣០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី៕