បង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ភ្ញៀវអន្តរជាតិចូលមកវៀតណាម
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសបានអះអាងជាថ្មីម្តងទៀតថា រដ្ឋាភិបាលវៀតណាមមានគោលនយោបាយបើកសកម្មភាពទេសចរណ៍ឡើងវិញក្រោមលក្ខខណ្ឌធម្មតាថ្មី។
អ្នកដំណើរបំពេញបែបបទឆ្លងដែននៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ TTXVN)) |
នារសៀលថ្ងៃទី ១៧ មិនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសដែលរៀបចំឡើងក្នុងទម្រង់អនឡាញ អញ្ជើញផ្តល់ព័ត៌មានបន្ថែមអំពីផែនការរបស់វៀតណាមក្នុងការបើកទ្វារស្វាគមន៍ភ្ញៀវអន្តរជាតិរួមទាំងបទប្បញ្ញត្តិស្តីពីមុខសញ្ញាឆ្លងដែនក៏ដូចជាវិធីត្រួតពិនិត្យ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាននិយាយថា ដោយផ្អែកលើស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសវៀតណាមក៏ដូចជាក្នុងពិភពលោក នាថ្ងៃទី ១៥ ខែមីនា ក្រសួងសុខាភិបាលបានចេញឯកសារស្តីពី ការបង្ការនិងត្រួតពិនិត្យជំងឺកូវីដ-១៩ សម្រាប់ជនឆ្លងដែន។
អ្នកនាំពាក្យក្រសួងការបរទេសបានអះអាងជាថ្មីម្តងទៀតថា រដ្ឋាភិបាលវៀតណាមមានគោលការណ៍បើកសកម្មភាពទេសចរណ៍ឡើងវិញក្រោមលក្ខខណ្ឌធម្មតាថ្មី។ អនុវត្តន៍គោលនយោបាយនេះ ក្នុងរយៈពេលកន្លងមក ក្រសួង ស្ថាប័ននានាតាមមុខងារនិងភារកិច្ចរបស់ខ្លួន បានសហការយ៉ាងសកម្ម ធ្វើការស្រាវជ្រាវនិងបង្កើតគោលការណ៍ណែនាំសម្រាប់ដំណើរការឆ្លងដែននិងស្វាគមន៍ភ្ញៀវអន្តរជាតិ ចូលមក វៀតណាម។
យោងតាមអ្នកនាំពាក្យលោកស្រី Le Thi Thu Hang ជនបរទេសដែលចូលមកប្រទេសវៀតណាមក្នុងគោល បំណងទេសចរណ៍ អាចទាក់ទងភ្នាក់ងារទេសចរណ៍អន្តរជាតិនៅប្រទេសវៀតណាម ដើម្បីឲ្យភ្នាក់ងារនេះ ជួយបំពេញបែបបទជាមួយនាយកដ្ឋានអន្តោប្រវេសន៍ ហើយបន្ទាប់មកអាចទទួលបានទិដ្ឋាការនៅស្ថាប័នតំណាងវៀតណាមនៅឯបរទេស ឬស្ថាប័នមានសិទ្ធិចេញទិដ្ឋាការ ដូចជាការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌ វៀតណាមនៅតៃប៉ិ ផងដែរ។
ក្រសួងការបរទេសបានបញ្ជាណែនាំឲ្យស្ថាប័នតំណាងនៅក្រៅប្រទេសរបស់វៀតណាម និងទីភ្នាក់ងារចេញទិដ្ឋាការដើម្បីសម្របសម្រួលជាមួយទីភ្នាក់ងារនិងអង្គការពាក់ព័ន្ធក្នុងប្រទេស ដើម្បីដោះស្រាយតម្រូវការទិដ្ឋាការរបស់ភ្ញៀវទេសចរមកកាន់ប្រទេសវៀតណាម ក៏ដូចជាស្វែងយល់អំពីទីផ្សារអាជីវកម្មនិងការវិនិយោគផងដែរ។
អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានបន្ថែមថា វៀតណាមបន្តការលើកលែងទិដ្ឋាការសម្រាប់ជនបរទេសក្រោមសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក ឬលើកលែងទិដ្ឋាការតាមមូលដ្ឋានទៅវិញទៅមក ដែលក្នុងនោះរួមមានប្រទេសសិង្ហបុរី ថៃ និងប្រទេសអាស៊ីអាគ្នេយ៍៕