បង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ទីម័រឡេស្តេ
(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោក José Ramos-Horta បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា។ នាព្រឹកថ្ងៃទី១ ខែសីហា នៅវិមានប្រធានរដ្ឋ រដ្ឋធានី
ហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជាអធិបតីក្នុងពិធីទទួល
បដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះលោកប្រធានាធិបតី José Ramos-Horta។
ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារ កិច្ចជាផ្លូវការជូនចំពោះប្រធានាធិបតីទីម័រឡេស្តេ។ (រូបថត៖ VNA) |
នៅក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី José Ramos-Horta បានឯកភាពអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជំរុញការរៀបចំជាលើកដំបូងនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះវៀតណាម-ទីម័រឡេស្តេ ថ្នាក់រដ្ឋមន្ត្រីការបរទេស; ស្រាវជ្រាវ និងឆ្ពោះទៅការបង្កើតយន្តការទ្វេភាគីថ្មី សមស្របទៅនឹងតម្រូវការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចជួយទីម័រឡេស្តេធានាសន្តិសុខស្បៀងអាហារ; ស្នើឱ្យភាគីទាំងពីរពន្យាពេល ឬចុះហត្ថលេខាជាថ្មីម្ដងទៀតលើអនុស្សរណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មអង្ករ; លើកទឹកចិត្តប្រទេសទីម័រឡេស្តេ បង្កើនការនាំចូលផលិតផលវៀតណាមដែលមានគុណភាពខ្ពស់ ដូចជាវាយនភណ្ឌ ស្បែកជើង ភេសជ្ជៈ អាហារទឹកដោះគោ អាហារកែច្នៃ កសិផល និងជលផល។ ភាគីទាំងពីរក៏បានឯកភាពអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសវិស័យកសិកម្ម នេសាទ ទូរគមនាគមន៍ ការអប់រំ ប្រេងឧស្ម័ន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងការជួបប្រាស្រ័យប្រជាជន...។
ទាក់ទងនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងតំបន់។ លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមគាំទ្រទីម័រឡេស្តេ ឆាប់ក្លាយជាសមាជិកពេញសិទ្ធិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរសន្យាបន្តគាំទ្រការគោរពច្បាប់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយការវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ; អនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការចរចាអំពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC)៕