បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិឆ្ពោះទៅរកការស្តារឡើងវិញរួមគ្នាក្រោយជំងឺរាតត្បាតកូវីដ-១៩
(VOVWORLD) - នាថ្ងៃទី ២៥ ខែកុម្ភៈ វៀតណាម និងសិង្ហបុរីបានចេញសេចក្តីថ្លែងការណ៍រួមក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob (រូបថត៖ VNA) |
សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានបង្ហាញពីការសន្យាយ៉ាងខ្លាំងក្លារបស់ភាគីទាំងពីរក្នុងការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិឆ្ពោះទៅរកការស្តារឡើងវិញរួមគ្នាក្រោយជំងឺរាតត្បាតកូវីដ-១៩។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារ និងចូលរួមពិធីជប់លៀងថ្នាក់រដ្ឋក្រោមអធិបតីភាពរបស់ប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-សិង្ហបុរី និងអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំសហគ្រាសជួរមុខជាច្រើននៅប្រទេសសិង្ហបុរី។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob បានសន្យាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច តាមរយៈការរក្សាជាប្រចាំនូវជំនួបប្រាស្រ័យជាន់ខ្ពស់ និងពង្រឹងយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនជំនួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនលើគ្រប់វិស័យដូចជាវប្បធម៌ យុវជន អប់រំ និងទេសចរណ៍ជាដើម។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បង្កើនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ក្នុងនោះមានការផ្លាស់ប្តូរឌីជីថល រក្សាពហុភាគីនិយម ដោយផ្អែកលើច្បាប់ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ភាគីទាំងពីរបានសន្យាបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសគឺក្នុងក្របខ័ណ្ឌអាស៊ាន និងយន្តការនានា ដែលដឹកនាំដោយអាស៊ាន។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងសារជាថ្មីនូវគោលជំហរឥតងាករេរបស់អាស៊ានស្ដីពីសមុទ្រខាងកើត និងសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅលើសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី មិនគម្រាមកំហែង ឬប្រើប្រាស់អាវុធ ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងធ្វើការចរចាជាក់ស្ដែង ដើម្បីសម្រេចក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ ផងដែរ៕