បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - នូវែលសេឡង់
(VOVWORLD) - ឯកអគ្គរដ្ឋទូត លោក Nguyen Hai Bang ប្រធានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំអាស៊ានបានចូលរួមកិច្ចប្រជុំនេះ។
ឯកអគ្គរដ្ឋទូត Nguyen Hai Bang ប្រធានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំអាស៊ានបានចូលរួមកិច្ចប្រជុំនេះ (រូបថតៈ VOV) |
នៅថ្ងៃទី ៩ ខែកក្កដា នៅឯកិច្ចប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរួមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - នូវែលសេឡង់ (ANZJCC) លើកទី ៩ បានធ្វើឡើងតាមទម្រង់ប្រព័ន្ធអ៊ីនធឺរណែត ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - នូវែលសេឡង់។ ឯកអគ្គរដ្ឋទូត លោក Nguyen Hai Bang ប្រធានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំអាស៊ានបានចូលរួមកិច្ចប្រជុំនេះ។
នៅក្នុងកិច្ចប្រជុំ បណ្តាប្រទេសអាស៊ាននិងនូវែលសេឡង់បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានក្នុងការអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ជាពិសេសក្នុងការអនុវត្តលទ្ធផលដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - នូវែលសេឡង់ដើម្បីអបអរខួប ៤៥ ឆ្នាំនៃទំនាក់ទំនងសន្ទនាក្នុងខែតុលាឆ្នាំ ២០២០។
នាពេលខាងមុខ អាស៊ាននិងនូវែលសេឡង់នឹងបន្តផ្តោតលើការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២១-២០២៥ និងផ្តល់អាទិភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថលជាដើម។ ប្រទេសនូវែលសេឡង់តែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន និងប្តេជ្ញាចិត្តគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅក្នុងតំបន់និងចូលរួមយ៉ាងសកម្មនៅក្នុងយន្តការដែលដឹកនាំដោយអាស៊ាន ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS); វេទិកាសន្តិសុខតំបន់អាស៊ាន (ARF); កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) ព្រមទាំងបានបញ្ជាក់ថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ានក្នុងការការពារនិងរុញថយក្រោយជំងឺកូវីដ ១៩ ស្រាវជ្រាវនិងផលិតវ៉ាក់សាំង ព្រមទាំងជួយអាស៊ាន ជំរុញការស្តារប្រកបដោយចីរភាព និងរក្សាការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់៕