បញ្ហា Brexit៖ សភាជាន់ទាបអង់គ្លេសចាប់ផ្ដើមពិភាក្សាអំពីពង្រាងច្បាប់ដកចេញពី EU
(VOVWORLD) - នាថ្ងៃទី១៤ វិច្ឆិកា សភាជាន់ទាបអង់គ្លេសបានចាប់ផ្ដើមពិភាក្សាអំពីពង្រាង ច្បាប់ដកខ្លួនចេញពីសហភាពអឺរ៉ុប (EU) ដែលបានហៅថា Brexit។
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (រូបថត៖ AFP/TTXVN) |
គោលដៅ នៃពង្រាងច្បាប់នេះគឺដាក់បញ្ចូលការកំណត់នានារបស់ EU ទៅក្នុងច្បាប់អង់គ្លេស ដើម្បីធានាឲ្យដំណើរការ Brexit ប្រព្រឹត្តទៅយ៉ាងទន់ភ្លន់។ ការបោះឆ្នោតសំរាប់ ខ្លឹមសារស្នូលៗក្នុងពង្រាងច្បាប់នេះនឹងប្រព្រឹត្តទៅនាខែធ្នូខាងមុខ។
ក្រោយពីត្រូវបានអនុម័តនៅសភាជាន់ទាប ពង្រាងច្បាប់ Brexit នឹងត្រូវបាន ដាក់ជូនព្រឹទ្ធសភាដើម្បីយកមកពិនិត្យមើលជាម្ដងទៀត ក្រោយនោះនឹងដាក់ជូន ព្រះមហាក្សត្រីអនុម័តដើម្បីក្លាយទៅជាច្បាប់។
នាយប់ថ្ងៃទី១៤ វិច្ឆិកា រដ្ឋាភិបាលអង់គ្លេសបានជំនះលើការបោះឆ្នោតដំបូងស្ដីពីការធ្វើវិសោធនកម្មនូវពង្រាងច្បាប់ Brexit។ រដ្ឋាភិបាលភាគតិចរបស់នាយករដ្ឋមន្រ្តីលោកស្រី Theresa May បានឈ្នះក្នុងការបោះឆ្នោតសំដៅលុបចោលសំណើរធ្វើវិសោធនកម្មរបស់សមាជិកសភាតំបន់ ស្កតឡែននិង Wales តាមនោះប្រគល់សិទ្ធិបោះឆ្នោតវេតូ សំរាប់ស្ថាប័នមានសមត្ថកិច្ចរបស់អង់គ្លេសចំពោះកិច្ចព្រមព្រៀង Brexit ជាទីចុងក្រោយទាំងអស់។ សមាជិកសភាអង់គ្លេសក៏បានបោះឆ្នោតលុបចោលនូវច្បាប់សហគមន៍អឺរ៉ុបឆ្នាំ១៩៧២ ជាឯកសារដែលធ្លាប់នាំអង់គ្លេសចូលរួមប្លុកនេះផងដែរ៕