បណ្ដាភាគីជម្លោះ​នៅយេម៉ែន​សម្រេចបាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​រយៈពេលពីរខែ

(VOVWORLD) - ក្នុងសេចក្តីប្រកាសដែលចេញផ្សាយនៅថ្ងៃទី ១ ខែមេសា ដដែល បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកយេម៉ែន លោក Grundberg ក៏បានអះអាងថា កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរខែអាចពន្យារពេលបាន ប្រសិនបើភាគីពាក់ព័ន្ធនានាបន្តឯកភាពគ្នា។
បណ្ដាភាគីជម្លោះ​នៅយេម៉ែន​សម្រេចបាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​រយៈពេលពីរខែ - ảnh 1កងទ័ពរដ្ឋាភិបាលយេម៉ែនក្នុងអំឡុងពេលប្រយុទ្ធជាមួយកងកម្លាំង Houthi ក្នុងខេត្ត Marib  (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី ១ ខែមេសា អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ (UN)  លោក Farhan Haq បានឲ្យដឹងថា បណ្ដាភាគីជម្លោះនៅយេម៉ែនសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ក្នុងរយៈពេលពីរខែ ចាប់ផ្តើមពីថ្ងៃទី ២ ខែមេសាក្នុងឱកាសនៃពិធីបុណ្យរ៉ាម៉ាដានរបស់អ្នកកាន់សាសនាឥស្លាម។ ក្នុងសេចក្តីប្រកាសដែលចេញផ្សាយនៅថ្ងៃទី ១ ខែមេសា ដដែល បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកយេម៉ែន លោក Grundberg ក៏បានអះអាងថា កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរខែអាចពន្យារពេលបាន ប្រសិនបើភាគីពាក់ព័ន្ធនានាបន្តឯកភាពគ្នា។ លោក Grundberg បានឲ្យដឹងថា ភាគីពាក់ព័ន្ធនានាបានយល់ព្រមបញ្ឈប់ការវាយប្រហារយោធាទាំងអស់នៅលើអាកាស នៅលើដីគោក និងនៅលើសមុទ្រក្នុងដែនដីយេម៉ែន ព្រមទាំងឯកភាពគ្នាអនុញ្ញាតឱ្យនាវាដឹកប្រេងចូលកំពង់ផែ Hodeidah ក៏ដូចជាអនុញ្ញាតឱ្យយន្តហោះពាណិជ្ជកម្មធ្វើប្រតិបត្តិការនៅខាងក្នុង និងក្រៅព្រលានយន្តហោះ Sanaa ទៅកាន់គោលដៅ ដែលបានគ្រោងទុកជាមុន។

សេចក្ដីប្រកាសអំពីបទឈប់បាញ់ត្រូវបាននាំចេញ ក្នុងបរិបទដែល បណ្ដាការចរចាអំពីជម្លោះដ៏រ៉ាំរ៉ៃនៅយេម៉ែនកំពុងប្រព្រឹត្តទៅនៅអារ៉ាប៊ីសាអូឌីត។ នេះគឺជាកិច្ចព្រមព្រៀងឈប់បាញ់ដើមដំបូង ដែលភាគីពាក់ព័ន្ធនានាសម្រេចបានចាប់តាំងពីខែមេសា ឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ