បណ្ដាសហគ្រាសជាសមាជិក EuroCham វាយតម្លៃជាវិជ្ជមានអំពីសក្តានុពលអភិវឌ្ឍន៍បៃតងរបស់វៀតណាម
(VOVWORLD) - ទាក់ទិននឹងទំនាក់ទំនងរវាងកំណើនបៃតង ជាមួយនិង FDI នោះ សហគ្រាសជិត ៨០% ដែលត្រូវបានស្ទង់មតិបានចាត់ទុកថា វៀតណាមចាំបាច់ត្រូវបង្កើនការអភិវឌ្ឍលើវិស័យបៃតង ដើម្បីទាក់ទាញទុនវិនិយោគបរទេសថែមទៀត។
រូបថត៖ daibieunhandan.vn |
យោងតាមរបាយការណ៍ស្ដីពីសន្ទស្សន៍បរិយាកាសធ្វើអាជីវកម្មនាពេលថ្មីៗនេះរបស់សម្ព័ន្ធសមាគមន៍ធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) ដែលបានប្រកាសនាពេលថ្មីៗនេះ បានឲ្យដឹងថា ថ្នាក់ដឹកនាំបណ្ដាសហគ្រាសជាសមាជិក EuroCham ចំនួន ៧៩% បានវាយតម្លៃថាសក្តានុពលអភិវឌ្ឍន៍បៃតងរបស់វៀតណាមត្រូវបានកែលម្អ។ ទាក់ទិននឹងទំនាក់ទំនងរវាងកំណើនបៃតង ជាមួយនិង FDI នោះ សហគ្រាសជិត ៨០% ដែលត្រូវបានស្ទង់មតិបានចាត់ទុកថា វៀតណាមចាំបាច់ត្រូវបង្កើនការអភិវឌ្ឍលើវិស័យបៃតង ដើម្បីទាក់ទាញទុនវិនិយោគបរទេសថែមទៀត។
ការស្ទង់មតិរបស់ EuroCham ក៏បានកំណត់នូវឧបសគ្គចំពោះការវិនិយោគរបស់អឺរ៉ុបនៅវៀតណាម និងពាណិជ្ជកម្មរវាងភាគីទាំងពីរផងដែរ។ ថ្នាក់ដឹកនាំសហគ្រាសដែលបានស្ទង់មតិចំនួន ៣៥% បានចាត់ទុកថា ការកាត់បន្ថយបែបបទរដ្ឋបាលគឺជាវិធីប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីបង្កើនទុន FDI ។ ក្នុងពេលនោះ ២៤% បានចាត់ទុកថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនឹងក្លាយជាកត្តាចម្បង។ ដូចគ្នានេះដែរ អ្នកទទួលបានការស្ទង់មតិចំនួន ៤៥% បាននិយាយថា ការលំបាកចម្បងដែលក្រុមហ៊ុនបរទេសជួបប្រទះគឺទាក់ទងទៅនឹងបែបបទរដ្ឋបាលដែលរារាំងសមត្ថភាពទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ផងដែរ៕