បណ្តាខេត្តភាគកណ្ដាលវៀតណាមកំពុងត្រៀមឆ្លើយតបជាបន្ទាន់ចំពោះព្យុះទីហ្វុង Noru

(VOVWORLD) - បណ្តាខេត្តភាគកណ្តាលបានរៀបចំផែនការជាបន្ទាន់ ដោយត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបនឹងព្យុះ Noru ដែលនឹងបោកបក់ ដើម្បីកាត់បន្ថយការខូចខាត។

នាថ្ងៃទី ២៥ កញ្ញា ខេត្ត Quang Nam បានបញ្ជាឲ្យបណ្ដាតំបន់ឆ្នេរត្រូវជម្លៀសប្រជាជន និងភ្ញៀវទេសចរទៅកាន់កន្លែងមានសុវត្ថិភាព។ លោក Ho Quang Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឲ្យដឹងថា៖ “ខេត្ត Quang Nam មានផែនការលម្អិតក្នុងការជម្លៀសប្រជាជន និងភ្ញៀវទេសចរណ៍។ ក្នុងករណីមានព្យុះបោកបក់ខ្លាំង យើងនឹងផ្លាស់ទីលំនៅរបស់ប្រជាជន ១៨២.០០០នាក់នៅក្នុងតំបន់គ្រោះថ្នាក់ ហើយក្នុងករណីមានព្យុះបោកបក់ខ្លាំងជាងទៀត យើងនឹងជម្លៀសប្រជាជន ៤០០.០០០ នាក់។ នៅដើមរសៀលថ្ងៃទី ២៥ កញ្ញា ភ្ញៀវទាំងអស់ត្រូវបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព”។

នាថ្ងៃដដែល កងកម្លាំងយោធានៅទីក្រុង Da Nang បានសម្របសម្រួលជួយអ្នកនេសាទនិងប្រជាជននៅឆ្នេរសមុទ្រក្នុងការបោះយុថ្កា នាំយកទូកចូលច្រាំង និងការពារផ្ទះសម្បែងមុនពេលព្យុះបោកបក់។ កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Da Nang បានដាក់ពង្រាយទៅកាន់កំពង់ចំណតទូក Tho Quang ខ័ណ្ឌ Son Tra ដោយសម្របសម្រួលជាមួយគណៈគ្រប់គ្រងកំពង់ផែនេសាទ ដើម្បីផ្សព្វផ្សាយ និងស្នើរឲ្យម្ចាស់នាវាបោះយុថ្កា និងធានាសុវត្ថិភាព។

ទន្ទឹមនឹងនោះ មូលដ្ឋានជាច្រើននៅខេត្ត Thua Thien Hue បានចល័តកម្លាំងដើម្បីជួយប្រជាជននៅតំបន់សំខាន់ៗ ជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព និងរៀបចំផែនការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់។ ព័ត៌មានអំពីផ្លូវ និងការឆ្លើយតបទៅនឹងព្យុះទីហ្វុង Noru ត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំនៅលើប្រព័ន្ធផ្សព្វផ្សាយមហាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ