បិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣៖ សារដ៏ខ្លាំងក្លាអំពីអាស៊ានដ៏រឹងមាំ ខ្លួនទីពឹងខ្លួន និងស្វាហាប់
(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំ អនុរដ្ឋមន្ត្រីក្រសួងការបរទេស
វៀតណាមលោក Do Hung Viet បានឲ្យដឹងថា ជាមួយនឹងសកម្មភាពជិត ២០ និងឯកសារប្រមាណ ៩០ ដែលត្រូវបានអនុម័ត និងទទួលស្គាល់នោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានាសម្រេចបានជោគជ័យល្អប្រសើរ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo (ឆ្វេង) ប្រគល់ញញួរប្រធានប្ដូរវេនអាស៊ាន ៤៤ ជូននាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។
(រូបថត៖ Duong Giang/TTXVN) |
បន្ទាប់ពីរយៈពេល ៣ ថ្ងៃធ្វើការ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានបិទនៅរសៀលថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet បានឲ្យដឹងថា ជាមួយនឹងសកម្មភាពជិត ២០ និងឯកសារប្រមាណ ៩០ ដែលត្រូវបានអនុម័ត និងទទួលស្គាល់នោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានាសម្រេចបានជោគជ័យល្អប្រសើរ។ មេដឹកនាំនៃប្រទេសអាស៊ាន និងដៃគូនានាបានឯកភាពគ្នាលើទិសដៅដើម្បីពង្រឹង និងលើកកំពស់កិច្ចសហប្រតិបត្តិការ ត្រៀមរៀបចំសម្រាប់ជំហានអភិវឌ្ឍន៍កាន់តែខ្លាំងក្លានិងទម្លុះទម្លាយថែមទៀតនាពេលអនាគត។
ទាក់ទិននឹងការរួមវិភាគទានរបស់គណៈប្រតិភូវៀតណាមនៅកិច្ចប្រជុំ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានឲ្យដឹងថា៖ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់ៗនៅគ្រប់កិច្ចប្រជុំទាំងអស់ ដែលនាំយកជូនអាស៊ាន និងដៃគូនានានូវសារ ទិសដៅ និងគំនិតផ្តួចផ្តើមជាក់ស្ដែងជាច្រើន ក្នុងបំណងពង្រឹងដំណើរការកសាងសហគមន៍ ហើយពង្រឹងទំនាក់ទំនងជាមួយដៃគូទាំងអស់។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានជំនួបសន្ទនា ជំនួបប្រាស្រ័យជិត ២០ ជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេស និងអង្គការអន្តរជាតិ តាមនោះរួមចំណែកពង្រឹងទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូ៕