បិទសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងពិធីបិទសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៩ ខែមីនា នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា បន្ទាប់ពីរយៈពេលធ្វើការអស់៣ថ្ងៃកន្លះមក គណៈកម្មាធិការបានផ្តល់យោបល់ លើគម្រោងច្បាប់ចំនួន៧។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ (រូបថត៖ quochoi.vn) |
រួមមាន ៖ សេចក្តីព្រាងច្បាប់រដ្ឋធានី (វិសោធនកម្ម); សេចក្តីព្រាងច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិ; សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន (វិសោធនកម្ម); សេចក្តីព្រាងច្បាប់ផ្លូវគោក; សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក; សេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មការពារជាតិ សន្តិសុខ និងការលើកទឹកចិត្តឧស្សាហកម្ម; សេចក្តីព្រាងច្បាប់ស្តីពីការធានារ៉ាប់រងសង្គម (វិសោធនកម្ម)។ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានសួរដេញដោលលើបញ្ហាពីរក្រុមក្នុងវិស័យហិរញ្ញវត្ថុ និងការទូត។ ប្រធានរដ្ឋសភាបានស្នើដល់អគ្គលេខាធិការរដ្ឋសភា ប្រញាប់បញ្ជូនសេចក្តីព្រាងសេចក្តីសម្រេចទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីចេញសេចក្តីសម្រេចស្តីពីការសួរដេញដោលឲ្យបានឆាប់ ដើម្បីជាមូលដ្ឋានច្បាប់សម្រាប់អនុវត្ត។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖ “បើធៀបនឹងកម្មវិធីដែលបានគ្រោងទុកពីដើម រដ្ឋសភាបានបន្ថែមខ្លឹមសារសំខាន់ៗយ៉ាងតិចចំនួន ១២ ទៅក្នុងកម្មវិធីនៃសម័យប្រជុំលើកទី៧ ដោយតម្រូវឱ្យប្រធានក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការនានាធ្វើការជាបន្ទាន់ និងរៀបចំឱ្យមានលក្ខណៈវិទ្យាសាស្ត្រ និងសមហេតុផល។ ក្នុងអំឡុងពេលនេះ គណៈ កម្មាធិការកំពុងអនុវត្តយ៉ាងខ្លាំងក្លានូវផែនការស្រាវជ្រាវ និងអង្កេតសម្រាប់ការត្រួតពិនិត្យតាមប្រធានបទ។ ត្រូវកំណត់អាទិភាពបញ្ហាដែលត្រូវធ្វើមុនគេ ថាតើបញ្ហាណាខ្លះអាចពន្យារពេល ឬសម្របសម្រួលក្នុងពេលវេលាសមស្របមួយ ដើម្បីដោះស្រាយរាល់កិច្ចការទាំងអស់សម្រាប់សម័យប្រជុំលើកទី៧ ដោយផ្តោតលើការងារកសាងច្បាប់”៕