បិទសម័យប្រជុំវិសាមញ្ញលើកទី២ នៃរដ្ឋសភានីតិកាលទី១៥
(VOVWORLD) - បន្ទាប់ពីរយៈពេល៤ថ្ងៃធ្វើការដោយបន្ទាន់ ត្រឹមត្រូវ និងមានទំនួលខុសត្រូវ នាថ្ងៃទី៩ ខែមករា សម័យប្រជុំវិសាមញ្ញលើកទី២ នៃរដ្ឋសភានីតិកាលទី១៥ បានបើកសម័យប្រជុំបិទ នៅវិមានរដ្ឋសភា ទីក្រុងហាណូយ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ (រូបថត៖ Doan Tan/TTXVN) |
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong, ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួម; ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជាអធិបតី; អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man អញ្ជើញសម្របសម្រួលសម័យប្រជុំ។
អញ្ជើញថ្លែងមតិបិទសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេល ៤ ថ្ងៃ ធ្វើការដោយបន្ទាន់ ត្រឹមត្រូវ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ និងមានទំនួលខុសត្រូវខ្ពស់ សម័យប្រជុំវិសាមញ្ញលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៥ បានបិទបញ្ចប់ ហើយសម្រេចបានកម្មវិធីទាំងមូលដែលបានដាក់ចេញ។ រដ្ឋសភាបានអនុម័តគម្រោងច្បាប់ចំនួន ១ និងសេចក្តីសម្រេចចិត្តចំនួន៣ រួមទាំងសេចក្តីសម្រេចចិត្តសំខាន់មួយ ស្តីពីផែនការមេជាតិដំណាក់កាលឆ្នាំ ២០២១-២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៥០។ រដ្ឋសភាក៏បានអនុម័ត លើការលើកលែងពីតំណែងរបស់ឧបនាយករដ្ឋមន្ត្រីពីររូប; ហើយទន្ទឹមនឹងនោះ ក៏បានអនុម័តលើការតែងតាំងឧបនាយករដ្ឋមន្ត្រីពីរូប គឺលោក Tran Hong Ha និងលោក Tran Luu Quang។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “ការដែលរដ្ឋសភាបានពិចារណា ផ្តល់សេចក្តីសម្រេច ចិត្តលើក្រុមបញ្ហាធំៗ សំខាន់ៗ និងបន្ទាន់ចំនួនប្រាំនៅក្នុងសម័យប្រជុំវិសាមញ្ញលើកទី២នេះ នឹងរួមចំណែកក្នុងការដោះស្រាយការលំបាក និងឧបសគ្គជាច្រើនក្នុងស្ថានភាពជាក់ស្តែង។ ទន្ទឹមនឹងនោះ បង្កើតមូលដ្ឋានដ៏សំខាន់មួយសម្រាប់ការអនុវត្តបេសកកម្មនៅឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត”។
អញ្ជើញវាយតម្លៃពីស្ថានភាពក្នុងប្រទេស និងលើពិភពលោកនៅឆ្នាំ២០២៣ ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ការលំបាក និងបញ្ហាប្រឈមគឺច្រើនជាងគុណសម្បត្តិ។ អាស្រ័យហេតុនេះ គ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ សាខា អាជ្ញាធរមូលដ្ឋាន សហគមន៍ធុរកិច្ច និងប្រជាពលរដ្ឋទាំងមូល ត្រូវបន្តខិតខំប្រឹងប្រែងជំនះពុះពាររាល់ការលំបាក។ ជាពិសេស ផ្តោតការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍវប្បធម៌ដោយដើរទន្ទឹមនឹងសេដ្ឋកិច្ច នយោបាយ សង្គម ... ។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើថា៖ “តាមរយៈទម្រង់សមស្រប សមាជិករដ្ឋសភាត្រូវជូនដំណឹងភ្លាមៗ និងពេញលេញអំពីលទ្ធផលនៃសម័យប្រជុំទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស។ ក្រៅពីនោះត្រូវផ្ទៀងស្តាប់ សំយោគ និងរាយការណ៍អំពីមតិ និងសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត; គ្រប់គ្រងការដោះស្រាយញត្តិ បណ្តឹង បរិហាររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ត្រូវរៀបចំលក្ខខណ្ឌឱ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យទទួលបានភាពរីករាយក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ យ៉ាងណាមិញ ត្រូវប្តេជ្ញាអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ ចាប់ពីថ្ងៃខែ ដំបូងនៃឆ្នាំថ្មី”៕
មុននេះ ដោយមានសម្លេងគាំទ្រភាគច្រើន រដ្ឋសភាបានបោះឆ្នោតអនុម័តលើ៖ សេចក្តីសម្រេចចិត្តស្តីពីផែនការមេជាតិដំណាក់កាល ២០២១- ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៥០; ច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ (ធ្វើវិសោធនកម្ម) សេចក្តីសម្រេចស្តីពីការកែសម្រួល ផែនការដើមទុនលើការផ្តល់ប្រាក់កម្ចីនៅឆ្នាំ ២០២២ នៃមូលដ្ឋាន ការបំពេញបន្ថេមថវិកាចំណាយប្រចាំឆ្នាំ ២០២១, ជំនួយឥតសំណង់ពីបរទេសនិងកែសម្រួល គម្រោងចំណាយដែលមិនទាន់ប្រើប្រាស់អស់ របស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ។ នាព្រឹកមិញនេះ រដ្ឋសភាក៏បានបោះ ឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបន្តអនុវត្តគោលនយោបាយមួយចំនួន ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាត និងការអនុញ្ញាតឱ្យបន្តប្រើប្រាស់វិញ្ញាបនបត្រចុះបញ្ជីចរាចរសម្រាប់ ឱសថ និងគ្រឿងផ្សំឱសថ ដែលផុតកំណត់ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ដែលមិនទាន់ត្រូវបានពន្យារទៅតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីឱសថស្ថាន៕